(អូស្រ្តាលី)៖ ក្រុមបាតុករខ្មែរមួយក្រុមត្រូវបានប៉ូលីសអូស្រ្តាលី រារាំង និងព្រមាន ដោយបានធ្វើសកម្មភាពលើសដែនកំណត់ច្បាប់របស់អូស្រ្តាលី ដោយបង្កភាពអនាធិបតេយ្យព្យាយាមចូលទៅកាន់វត្តខ្មែរមួយ នៅទីក្រុង Adelaide ដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ កំពុងមានវត្តមានរៀបចំ កម្មវិធីជួបជុំគ្នា នៅក្នុងវត្តនោះ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
តាមសេចក្តីរាយការណ៍ពីទីក្រុង Adelaide បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី១១ ខែតុលានេះថា ក្រុមបាតុករមានគ្នាប្រមាណជាង១០០នាក់ ស្ថិតនៅក្រៅរបងវត្តខ្មែរមួយ ដឹកនាំដោយឈ្មោះ លឹម សាម៉េត ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំនៅទីក្រុង អាដឺឡែត (Adelaide) ប្រទេសអូស្រ្តាលី បានព្យាយាមចូលក្នុងរបងវត្តខ្មែរមួយនៅទីក្រុង Adelaide ដោយបង្កភាពអនាធិបតេយ្យ ប៉ុន្តែត្រូវបានប៉ូលិសអូស្រ្តាលីរារាំង និងព្រមានថា បានធ្វើបាតុកម្មលើសដែនកំណត់, ហើយប៉ូលិសបាននិយាយថា ប្រសិនបើបន្តល្មើសច្បាប់ទៀត នឹងធ្វើការបង្រ្កាប។
ប៉ុន្តែទោះជាយ៉ាងណា ក្រុមបាតុករត្រូវបានគេមើលឃើថា ពុំស្តាប់តាមការណែនាំរបស់ប៉ូលិសអូស្រ្តាលី ដែលរៀបចំសណ្តាប់ធ្នាប់ឱ្យពួកគេឡើយ ហើយ
ប៉ូលីសបានសម្តែងការហួសចិត្តចំពោះក្រុមបាតុករ ដែលនៅតែបង្កភាពអនាធិបតេយ្យ ក្នុងការតវ៉ា។
សូមជំរាបថា នៅទីបំផុតមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ប្រចាំនៅទីក្រុង អាដឺឡែត (Adelaide) ប្រទេសអូស្រ្តាលី បានចេញមុខមកដឹកនាំធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីនោះ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
បុរសពាក់អាវខ្មៅ និងពាក់វ៉ែនតាផងនោះ គឺប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង អាដឺឡែត ប្រទេសអូស្រ្តាលី ឈ្មោះ លឹម សាម៉េត ដែលបានដឹកនាំ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅទីនោះ ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី។
ទង្វើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះបានបង្ហាញថា គណបក្សសង្គ្រោះជាតិតែងតែបង្កភាពញុះញង់ អុជអាល ដើម្បីបង្កភាពចលាចលវឹកវរ ដល់ដើម្បីដុតកំដៅនយោបាយកម្ពុជា ដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានវិបត្តិនយោបាយ។ ការចេញមុខរបស់ដឹកនាំបាតុកម្មរបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នាពេលនេះបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងថា បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអូស្រ្តាលីជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ គឺជារឿងដែលរៀបចំដោយមេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិសុទ្ធសាធ។
ទាំងនេះក៏មិនខុសពីអ្វីដែលគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា បុគ្គល ហុង លីម ពិតជារៀបចំបាតុកម្មឡើងក្រោមខ្សែញាក់ របស់គណបក្សនយោបាយនៅទីក្រុងភ្នំពេញ៕