(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃអង្គារនេះ បានសម្តែងការសាទរចំពោះប្រទេសចិន ក្នុងការជួយលើសង្គ្រាម បង្ក្រាបគ្រឿងញៀនខុសច្បាប់ នៃរដ្ឋាភិបាលរបស់លោក តាមរយៈការផ្តល់នូវអគារមណ្ឌលកែប្រែមួយ ដែលអាចផ្ទុកមនុស្សញៀនថ្នាំប្រមាណ១,៦០០នាក់។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
«ប្រទេសចិនបានផ្តល់ជំនួយឲ្យយើង»។ នេះបើតាមសម្តីលោក Duterte បានប្រកាសនៅអំឡុងពិធីសច្ចាប្រណិធានមួយ នៅឯវិមានប្រធានាធិបតី Malacanang។ លោកបន្តថា អគារថ្មីដែលសង់ឡើងមានរចនាបទជាផ្ទះស្នាក់នៅស្រដៀងទៅនឹងខុនដូ គឺត្រូវបានសាងសង់ឡើងនៅផ្នែកខាងក្នុង នៃជុំរំកងទ័ពហ្វីលីពីន ស្ថិតក្នុងតំបន់ Nueva Ecija ភាគខាងជើងរដ្ឋធានី Manila។ លោកប្រធានាធិបតីបន្ថែមថា អគារនេះគឺជាកន្លែងកែប្រែខ្លួនឡើងវិញ ដែលគេរំពឹងថា នឹងជួយកាត់បន្ថយការកកកុញ នៃមនុស្សនៅមន្ទីរឃុំឃាំងរបស់ប៉ូលិស នៅក្នុងប្រទេសមួយនេះ។
សូមជម្រាបថា លោក Duterte បាននឹងកំពុងធ្វើសង្គ្រាមប្រឆាំងនឹង «គោលនយោបាយដេកលក់» នៅក្នុងប្រទេសហ្វីលីពីន ដោយលោកបានលើកឡើងថា មានប្រជាជនហ្វីលីពីនប្រមាណ៤លាននាក់ បានធ្លាក់ចូលទៅក្នុងការគ្រឿងញៀនខុសច្បាប់។ លោកក៏បានអះអាងជាថ្មីម្តងទៀតដែរថា រដ្ឋាភិបាលខ្វះខាតនូវថវិកា ក្នុងការសាងសង់អគារមណ្ឌលកែប្រែ សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន៕