(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយធឺតតេ បាននិយាយនៅថ្ងៃអង្គារ៍នេះថា លោកនឹង បំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកំាង និង ទីក្រុង មូស្គូក្នុងពេលឆាប់ៗនេះ ខណៈលោកបានរិះគន់ លើសហរដ្ឋអាមេរិកសារជាថ្មីថា «ក្រអឺតក្រទម»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថានៅឯវិមានប្រធានាធិបតី លោក ឌុយធឺតតេ បានលើកឡើងដូច្នេះថា«ចិនបានអញ្ជើញខ្ញុំ ជាច្រើនដង ហើយខ្ញុំបានទទួលយកការអញ្ជើញនេះ»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីហ្វីលីពីនរូប នេះមិនបានបញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់នោះទេដោយគ្រាន់តែថាលោកគ្រោងនឹងធ្វើទស្សនកិច្ចទៅចិន និង រុស្ស៊ី នៅបន្ទាប់ពីបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា។
សូមជំរាបថា ទំនាក់ទំនងរវាងហ្វីលីពីន និង សហរដ្ឋអាមេរិកបានជួបភាពតានតឹងលើសពេលណាៗទំាងអស់ ក្រោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានរិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀនរបស់លោក ឌុយធឺតតេ ដែលបាននិយាយថា គ្មានជំនួយពីសហរដ្ឋអាមេរិក ក៏មិនអីដែរ ហើយបើសិនទីក្រុងវ៉ាស៊ីនតោន មិនចង់លក់អាវុធឱ្យហ្វីលីពីន លោកអាចទិញអាវុធពីចិន និង រុស្ស៊ីក៏បានដែរ៕