(សៀមរាប)៖ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក និងលេខាធិការដ្ឋានសហគមន៍ ចំនួន ១១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព អំពីកម្មវិធីអនាម័យ និងទឹកស្អាត ដើម្បីពង្រឹងការយល់ដឹងបន្ថែម និងផ្ដល់ការផ្សព្វផ្សាយបន្ត ទៅប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ រៀបរាប់ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថមភាព ដល់មន្ត្រីពាក់ព័ន្ធនឹង ការផ្សព្វផ្សាយអប់រំកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយ នៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGRA) ដែលធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នា កន្លងមករវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នរបស់ប្រទេសបារាំងចំនួន ៦ផ្សេងទៀត ។
លោកបន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា បានអនុវត្តសាកល្បងនូវកម្មវិធីអនាម័យទឹកស្អាត ក្នុងភូមិចំនួន៤ ក្នុងចំណោម ១១២ភូមិ នៃតំបន់អង្គរ ។ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ ក៏ដើម្បីពង្រីកការផ្សព្វផ្សាយទៅតាមបណ្តាភូមិផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ មានបង្គន់ប្រើប្រាស់ត្រឹមត្រូវ និងមានទឹកស្អាតប្រើប្រាស់ ។ នេះជាផ្នែកមួយនៃកម្មវិធី លើកស្ទួយកម្រិតជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ។
លោក ស៊ឹម សៅរ៉ា បុគ្គលិកនៃអង្គការ CWS (Church World Service) និងជាប្រធានគម្រោងផ្នែកអប់រំទឹកស្អាត និងអនាម័យ ដែលជាគ្រូបង្គោល នៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងទៅលើជំនាញសម្រសម្រួល វិធីសាស្ត្រចម្រោះទឹកដោយសុវត្ថិភាព និងគំរូបែបផែននៃការសាងសង់បង្គន់ ។ លោកបញ្ជាក់ថា តាមពិតទៅសិក្ខាកាមដែលចូលរួមវគ្គនេះ អាចនឹងមានជំនាញបច្ចេកទេស យល់ដឹងហើយ តែវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ ទៅលើជំនាញសម្របសម្រួល ដើម្បីផ្ទេរចំណេះទាំងនេះទៅដល់ប្រជាពលរដ្ឋ ។
លោក សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា នឹងអាចបន្តផ្សព្វផ្សាយយ៉ាង ទូលំទូលាយអំពីកម្មវិធីអនាម័យ និងទឹកស្អាតមានសុវត្ថិភាព ទៅកាន់សំណាក់ ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងមូល ដើម្បីឲ្យពួកគាត់យល់ដឹង កាន់តែច្បាស់អំពីអនាម័យ ទឹកស្អាត ធ្វើឲ្យកាន់តែប្រសើរឡើង នូវកម្រិតជីវភាពរបស់ពួកគាត់ ៕