(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា គោលជំហរ របស់រដ្ឋាភិបាលគុយវ៉ែត គឺធ្វើយ៉ាងណានៅតែបន្តបន្ថែមជំនួយ មកកម្ពុជាដោយសហការ ជាមួយអង្គការដៃគូរ ដើម្បីចូលរួម លើកស្ទួយនិងអភិវឌ្ឍន៍ រាល់វិស័យចាំបាច់នានា របស់សហគមន៍៍ ក៏ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក Meteb AL-Osaimi ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា។
លោក ភារធារី ក៏បានកោតសរសើរ ពីការដឹកនាំដ៏ឈ្លាសវៃររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ។
លោក Meteb AL-Osaimi បានប្រាប់បែបនេះ ខណៈលោក បានជួបសំណេះសំណាលជាមួយ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាព និងសហប្រតិបត្តិការរវាងរដ្ឋាភិបាល គុយវ៉ែតជាមួយថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរឥស្លាម។
ជាការឆ្លើយតប លោក អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល ហើយក៏ជាថ្នាក់ដឹកនាំឥស្លាម បានសម្តែងនូវការកោតសរសើរជាខ្លាំងដល់រដ្ឋាភិបាលគុយវ៉ែត និងប្រជាជនគុយវ៉ែតតាមរយៈស្ថានទូត គុយវ៉ែតប្រចាំកម្ពុជា ដែលបានវិនិយោគលើវិស័យ មនុស្សធម៌ជាចម្បងដើម្បីជួយទ្រទ្រង់សហគមន៍ឥស្លាមកម្ពុជា ហើយគុយវ៉ែតជាម្ចាស់ជំនួយ ឈរលំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេស នានាជាម្ចាស់ជំនួយនៃតំបន់អារ៉ាប់។
ក្នុងជំនួបនេះ លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពល និងឪកាសវិនិយោគនៅកម្ពុជា ហើយលោកក៏បាន ជំរុញភាគីគុយវ៉ែតយកចិត្តទុកដាក់ផងដែរលើកិច្ចសហការវិនិយោគ លើវិស័យផលិតផលហាឡាលខណៈដែលថ្មីៗនេះ កាលពីខែកក្កដា ២០១៦ រាជរដ្ឋាភិបាលកម្ពុជាទើបតែចេញអនុក្រឹត្សស្តីពីការបង្កើតស្ថាប័នហាឡាល ដោយមានក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាអ្នកអនុវត្តកិច្ចការងារនេះ។
លោកបន្តថា ការវិនិយោគលើវិស័យហាឡាលនេះ មិនមែនសម្រាប់ផ្គត់ផ្គង់ តែសហគមន៍ឥស្លាមនិងផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះឡើយ ប៉ុន្តែវាជាតម្រូវការរបស់អតិថិជនជាទូទៅ ហើយក៏ក្នុងគោលបំណងផ្គត់ផ្គង់ ទៅកាន់ទីផ្សាពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម ក្នុងតំបន់អារ៉ាប់៕