(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង និងសមាជិក សមាគមអាចារ្យខ្មែរ សមាគមដូនជី និងគណៈកម្មការវត្តទូទាំងខេត្តជាង ៥០០អង្គ/នាក់ នៅបរិវេណវត្តសូរិយា ស្ថិតក្នុងភូមិសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព នៃវិស័យព្រះពុទ្ធសាសនា និងបានការនិមន្តចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត និងព្រះពោធិ៍ធម្មមុនី ហួត សុធា ព្រះមេគណ និងជាគណៈធម្មយុត្តិកនិកាយខេត្ត។
លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ទូទាំងខេត្តមានវត្តចំនួន ១៨៧វត្ត ក្នុងនោះវត្តមហានិកាយមាន១៨០វត្ត ព្រះសង្ឃ២០២៣អង្គ និងវត្តធម្មយុត្តិមាន៧វត្ត ព្រះសង្ឃ៥០អង្គ អាចារ្យ និងគណៈកម្មការវត្តមានចំនួន ១៣០៩នាក់ ក្នុងនោះបានឆ្លងវគ្គក្រមសីលធម៌អាចារ្យ នៅក្រសួងធម្មការ និងសាសនាតាំងវគ្គទី១ រហូតវគ្គទី២២ បានចំនួន២០៩នាក់ ហើយក្នុងខេត្តមានសាលាធម្មវិន័យចំនួន១៧វត្ត សមណសិស្ស២៣០អង្គ សាលាពុទ្ធិកបឋមសិក្សាមាន៣៨វត្ត សមណសិស្ស៥៧២អង្គ សាលាពុទ្ធិកអនុវិទ្យាល័យមាន១សាលា សមណសិស្ស១៥៨អង្គ និងសាលាពុទ្ធិកវិទ្យាល័យមាន១សាលា សមណសិស្ស២០អង្គ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ ចំពោះព្រះមន្ត្រីសង្ឃគ្រប់គណៈ អាចារ្យ ដូនជី និងគណៈកម្មការវត្តទាំងអស់ ដែលបានចំណាយពេលវេលា និមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ប្រកបដោយភាពអធិកអធមក្រៃលែង ហើយនេះជាលើកទី៣ហើយ ដែលលោកបានជួបសំណេះសំណាល ក្នុងនាមជាកូន ជាក្មួយ ជាបងប្អូនរួមសុខរួមទុក្ខ ជាមួយនឹងគ្នា។ ជាការពិតណាស់ នាសម័យបច្ចុប្បន្ននេះ វិស័យពុទ្ធចក្រ និងអាណាចក្រមានការអភិវឌ្ឍន៏ រីកចម្រើនគួរឲ្យកត់សម្គាល់ នេះគឺដោយសារមានការដឹកនាំ របស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព និងសេ្ថរភាពរហូតមកដល់សព្វថ្ងៃ។
លោកបានបន្ថែមថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស និងអប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យវៀរចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់ ពីព្រោះពួកគេ គឺជាសសរទ្រូងនៃប្រទេសជាតិ រីឯសេចក្តីថ្លៃថ្នូរល្អ ក្នុងសង្គមគ្រួសារ បានរួមចំណែកកាត់បន្ថយនូវអំពើហឹង្សា ក៏ដូចជាការអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូន ពូមីញ លោកយាយ លោកតា និងនិមន្តព្រះសង្ឃគ្រប់អង្គ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មី ឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ក៏ដូចជាបោះឆ្នោតផ្សេងៗទៀត ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាចុងបញ្ចប់ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ជូនដល់សីលវ័ន្តសីលវន្តី ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ផងដែរ៕