(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំមួយ រវាងក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន។
ដឹកនាំកិច្ចប្រជុំនេះរួមមាន លោក សុខ សុភ័ក្ដ្រ អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកស្រី យ៉ាង ហុង អនុប្រធានក្រុមហ៊ុនកូហ្វកូ។
កិច្ចប្រជុំនេះក៏មានចូលរួមផងដែរ ពីសំណាក់អគ្គនាយកជំរុញពាណិជ្ជកម្ម អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោក លី អាន ទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតចិននៅកម្ពុជា និងតំណាងរបស់សហព័ន្ធស្រូវអង្ករ និងអ្នកនាំចេញអង្ករជាច្រើនទៀតផងដែរ។
កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើការធ្វើពាណិជ្ជកម្ម ផលិតផលអង្កររវាងកម្ពុជា និងចិនសម្រាប់ឆ្នាំ២០១៦-២០១៧។
កិច្ចប្រជុំក៏ពិភាក្សា និងសម្រេចផងដែរ លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនកូហ្វកូ ស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ ដែលអនុស្សរណៈនោះ នឹងជម្រះផ្លូវសម្រាប់ធ្វើការនាំចេញអង្ករ របស់កម្ពុជាប្រមាណ ២០០.០០០ តោនទៅប្រទេសចិន៕