Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាមុខស្ថានទូតអាមេរិក ដើម្បីសម្តែងការប្រឆាំង និងទាមទារឲ្យលុបចោលគំរោង បំពាក់ប្រព័ន្ធមីស៊ីល THAAD

11-10-2016 17:44

(សេអ៊ូល)៖ ប្រជាជនដែលរស់នៅក្នុង ក៏ដូចជាក្បែរទីតាំងសម្រាប់ដាក់ ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នា នៅពីមុខស្ថានទូតអាមេរិក ដែលស្ថិតនៅចំកណ្តាលរដ្ឋធានីសេអ៊ូល ក្នុងគោលបំណងធ្វើការតវ៉ាទាមទារ ឲ្យមានការលុបចោល កិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល របស់អាមេរិកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

ប្រជាជនប្រមាណ ៥០០នាក់ មកពីទីក្រុង Seongju និងទីក្រុង Gumcheo បានមកប្រមូលផ្តុំគ្នានៅ ខាងមុខស្ថានទូតអាមេរិកប្រចាំទីក្រុងសេអ៊ូល ដោយបាននាំគ្នាលើកបដា ដែលត្រូវបានសរសេរថា «ប្រឆាំងដាច់ខាតចំពោះការដាក់ ប្រព័ន្ធការពារមីស៊ីល THAAD» នៅក្រោយពេលកូរ៉េខាងត្បូង បានសម្រេចចិត្តទិញយក ទីលានវាយកូនហ្គោល មួយកន្លែង នៅភាគខាងជើងក្រុង Seongju ជាប់នឹងទីក្រុង Gimcheon ដែលមានប្រជាជនប្រហែល ១៤០,០០០នាក់ ធ្វើជាមូលដ្ឋាន THAAD។

ជាមួយគ្នានេះដែរ ក៏មានយុទ្ធនាការចុះហត្ថលេខា តាមប្រព័ន្ធអ៊ីធឺណែត ដើម្បីទាមទារឲ្យសេតវិមាន ដកកិច្ចព្រមព្រៀងក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល THAAD នេះដែរ ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីកូរ៉េខាងត្បូងនិងអាមេរិក បានប្រកាសថានឹងដាក់ប្រព័ន្ធ THAAD ឲ្យបានមួយគ្រឿងសិននៅចុងឆ្នាំនេះ ដោយមកដល់ពេលនេះ មានប្រជាជនជាង ១០០,០០០នាក់ហើយ បានចុះហត្ថលេខាក្នុងយុទ្ធនាការនេះ តាមរយៈគេហទំព័រ «We the People»។

គួរបញ្ជាក់ដែរថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ដើម្បីការពារការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើងនេះ អាចនឹងបង្កជាគ្រោះថ្នាក់ជាខ្លាំងដល់សុខភាព មនុស្សដែលរស់ក្បែរ បរិវេណនោះ ដោយសារតែរលកសញ្ញា ដែលបញ្ចេញដោយដោយប្រព័ន្ធរ៉ាដារបស់ THAAD៕