(អូស្រ្តាលី)៖ នៅទីបំផុតមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ប្រចាំនៅទីក្រុង អាដឺឡែត (Adelaide) ប្រទេសអូស្រ្តាលី បានចេញមុខមកដឹកនាំធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីនោះ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។​

បុរសពាក់អាវខ្មៅ និងពាក់វ៉ែនតាផងនោះ គឺប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង អាដឺឡែត ប្រទេសអូស្រ្តាលី ឈ្មោះ លឹម សាម៉េត ដែលបានដឹកនាំ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅទីនោះ ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី។

ទង្វើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះបានបង្ហាញថា គណបក្សសង្គ្រោះជាតិតែងតែបង្កភាពញុះញង់ អុជអាល ដើម្បីបង្កភាពចលាចលវឹកវរ ដល់ដើម្បីដុតកំដៅនយោបាយកម្ពុជា ដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានវិបត្តិនយោបាយ។ ការចេញមុខរបស់ដឹកនាំបាតុកម្មរបស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នាពេលនេះបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងថា បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអូស្រ្តាលីជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ គឺជារឿងដែលរៀបចំដោយមេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិសុទ្ធសាធ។

ទាំងនេះក៏មិនខុសពីអ្វីដែលគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា បុគ្គល ហុង លីម ពិតជារៀបចំបាតុកម្មឡើងក្រោមខ្សែញាក់ របស់គណបក្សនយោបាយនៅទីក្រុងភ្នំពេញ៕