(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យជនរងគ្រោះដោយសារអំពើហិង្សា នៅក្នុងការហែក្បួន ក្នុងទិវាសិទ្ធិលំនៅដ្ឋានម្សិលមិញ ដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្នុងរឿងនេះ។ លោកថា ប្រសិនបើជនរងគ្រោះត្រូវការ មេធាវីនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងផ្ដល់មេធាវីជូនបន្ថែមទៀត។
លោក កែវ រ៉េមី បានថ្លែងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីសាកសួរព័ត៌មានអំពីកិច្ចការសិទ្ធិមនុស្សមួយចំនួន។
កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ មានករណីប៉ះទង្គិចគ្នាមួយបានកើតឡើង រវាងក្រុមប្រជាពលរដ្ឋដែលមាន ទំនាស់ដីធ្លី មកពីសហគមន៍នានា ជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ នៅក្នុងការហែក្បួនអបអរសាទរដល់ទិវាសិទ្ធិលំនៅឋានពិភពលោក នៅរាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បណ្តាលឱ្យប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត រងរបួសមុខ ខណៈលោក ឃ្លាំមើលការហែក្បួនរបស់សកម្មជនដីធ្លីក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក។ ចំណែកមន្រ្តីក្រសួងមហាផ្ទៃម្នាក់ទៀត ក៏ត្រូវបានគេ រាយការណ៍ថា បានរងរបួសដែរ។
លោក កែវ រ៉េមី បានបញ្ជាក់ថាយ៉ាងដូច្នេះថា «សាម៉ីខ្លួន ដែលទទួលបាននៅការវាយដំ អាចប្ដឹងរកយុត្តិធម៌នៅផ្នែកតុលាការបាន ហើយប្រសិនបើមិនមានមេធាវី គណៈកម្មាធិការសិទ្ធិមនុស្សយើងខ្ញុំ នឹងសហការក្នុងផ្ដល់មេធាវីជូន ដើម្បីជួយរកយុត្តិធម៌នៅចំពោះមុខ នៃអំណាចទី៣»។
យ៉ាងណាមិញ លោក កែវ រ៉េមី បានសម្ដែងនូវការងឿងឆ្ងល់ថា ទី១-ហេតុអ្វីបានជា លោកស្រី រ៉ូ ណាស្មីត មិនបានទាន់មកដល់កម្ពុជា សភាពការណ៍ហិង្សាមិនមានបញ្ហាអ្វីសោះ ស្រាប់តែពេលលោកស្រី បានមកដល់កម្ពុជា ក៏មានការដង្ហែ ហើយរហូតដល់មានអំពើ ហិង្សាវាយ ទី២-ការវាយនេះ មិនមែនវាយតែសមាជិកសកម្មជន អង្គការសិទ្ធិមនុស្សលីកាដូទេ៕