(ភ្នំពេញ)៖ ឌុយមិចកម្ពុជា បានប្រារព្ធកម្មវិធីសិក្ខាសាលាស្តីពី «ថ្ងៃចូលរៀនដំបូង» នៅមជ្ឈមណ្ឌលឃីតស៊ីធី នាពេលថ្មីៗនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹង ឲ្យកាន់តែច្បាស់ ទៅកាន់មាតា បិតា និងអាណាព្យាបាល ពីសារសំខាន់នៃអាហារូបត្ថម្ភ សម្រាប់កុមារក្នុងវ័យកំពុងលូតលាស់។
ទន្ទឹមនឹងនេះផងដែរ វាគ្មិនក៏បានណែនាំ និងផ្តល់ជាគន្លឹះល្អៗ ក្នុងការចិញ្ចឹមបីបាច់កូនៗ ដោយផ្តល់នូវមូលដ្ឋានគ្រឹះ នៃការចាប់ផ្តើមដ៏ល្អ សម្រាប់អនាគតរបស់ពួកគេ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួម យ៉ាងកុះករពីសំណាក់មាតា បិតា ប្រមាណជាង២៣០នាក់ ដែលមានកូនអាយុចាប់ពី ២ឆ្នាំ ឡើងទៅដល់ ៥ឆ្នាំ។
លោក គង់ បូរ ប្រធានគ្រប់គ្រងទូទៅ ប្រចាំឌុយមិចកម្ពុជា បានបញ្ជាក់ប្រាប់ពី បេសកកម្មសុខភាព ថា Danone Nutricia ជាក្រុមហ៊ុនមួយ ដែលឈានមុខគេ ផ្នែកអាហារូបត្ថម្ភ សម្រាប់អាយុកាលដំបូង ក្នុងចំណោមក្រុមហ៊ុនដទៃទៀត នៅអឺរ៉ុប ដែលបេសកកម្មរបស់យើងគឺ «ស្ថិតនៅជិតអ្នកម្តាយ ដើម្បីចិញ្ចឹមបីបាច់ជីវិតថ្មី» ដោយជំរុញការណែនាំ អំពីអាហារូបត្ថម្ភ ដែលធ្វើឲ្យមានសុខភាពល្អ តាមរយៈកម្មវិធី អប់រំនិងសេវាកម្មរបស់យើង។
លោកបន្ថែមថា យើងប្តេជ្ញាចូលរួមលើកកម្ពស់ សុខភាពរបស់មនុស្ស នាពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការផ្តល់នូវអាហារូបត្ថម្ភ តាំងពីអាយុកាលដំបូង ដោយការយកចិត្តទុកដាក់ខ្ពស់ ការយល់ច្បាស់ពីតំរូវការរបស់មាតា បិតា ព្រមទាំងភាពស្ទាត់ជំនាញរបស់យើង។ សិក្ខាសាលាអប់រំនេះ ពិតជាដើរតួសំខាន់ក្នុងការក្រើនរំឭកមាតា បិតា និងអាណាព្យាបាល ឲ្យដឹងពីដំណាក់កាលសំខាន់ នៃការលូតលាស់នៅវ័យកុមារ ដែលជះឥទ្ធិពល ក្នុងការកសាងជីវិត រស់នៅដ៏យូរអង្វែងរបស់ពួកគេ ប្រកបដោយសុខភាពល្អ។
សូមបញ្ជាក់ បន្តទៅទៀត ឌុយមិចកម្ពុជា នឹងមានរៀបចំកម្មវិធីសិក្ខាសាលា បែបនេះជាបន្តបន្ទាប់ ដើម្បីចូលរួមអប់រំមាតា បិតា ដែលមានកូនអាយុចាប់ពី ២ឆ្នាំឡើងទៅ ឲ្យយល់ដឹងកាន់តែច្បាស់ អំពីសារសំខាន់នៃ អាហារូបត្ថម្ភ សម្រាប់កុមារក្នុងវ័យកំពុងលូតលាស់៕