(ពោធិ៍សាត់)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហ៊ុយ ភារម្យ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្ដចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារសាមគ្គីក្រគរ និងតាមបណ្តាហាងលក់ទំនិញបោះដុំ-លក់រាយ ជុំវិញផ្សារ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ហ៊ុយ ភារម្យ បានឲ្យដឹងថា មន្ដ្រីជំនាញបានធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារមួយចំនួន ជាលទ្ធផលពុំមានរកឃើញសារធាតុគីមី ហាមឃាត់ឡើយ ប៉ុន្ដែក្នុងនោះមន្ដ្រីជំនាញ បានដកហូតផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ដូចជា ទឹកក្រូច ម៉ាក Sweet និងម៉ាក Sport ចំនួន១៩២ដប, ភេសជ្ជៈ Samural ៣ដប, ទឹកខ្មេះ៧ដប និងទឹកត្រីកោះកុង ៣ដប ដើម្បីទៅដុតកម្ទេចចោល។
ឆ្លៀតឱកាសនោះដែរ មន្ដ្រីជំនាញក៏បាន ចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ផងដែរ៕