(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំអាជ្ញាធរមូលដ្ឋានអញ្ជើញពិនិត្យ ផ្លូវលំមួយខ្សែប្រវែងជិតមួយពាន់ម៉ែត្រ បានរងការខូចខាតដោយជំនន់ទឹកភ្លៀង ដែលបានបង្អុរធា្លក់ជោគជាំ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ហាត សារ៉ែន មេភូមិត្រពាំងជ័រ បានរៀបរាប់ឲ្យដឹងថា ដោយសារមានការអភិវឌ្ឍន៍ប្រឡាយទឹក គម្រោងរបស់ចិនមានលូតូចៗ និងដាក់ឆ្ងាយៗពីកន្លែងមួយទៅកន្លែងមួយ មិនអាចរំដោះទឹកបានទាន់ពេលវេលា បណ្តាលឲ្យទឹកហូរបុកដាច់ផ្លួវភូមិត្រពាំងជ័រ ប្រហែល មួយពាន់ម៉ែត្រ។
លោកមេភូមិបានបន្តថា ផ្លូវនេះមានប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិត្រពាំងជ័រ ភូមិក្អិន ភូមិស្រង់ និងភូមិខ្មាក់កំពុងជួប ការលំបាកធ្វើ ដំណើរឆ្លងកាត់។
លោកមេភូមិបានបន្តថា «ពេលនេះស្ថានភាពទឹកបានស្រកបន្តិច ប៉ុន្តែប្រសិនបើភ្លៀងនៅបន្តធ្លាក់ទៀតទឹកអាចជន់ឡើងបើមានរយៈពេល យូរលើសពី១០ថ្ងៃ ស្រូវរបស់បងប្អូនប្រជាកសិករនៅទីនោះ ដែលមានជាងប្រាំបួនរយហិចតាអាចនឹងទទួលរងការប៉ះពាល់ខួចខាត»។
លោក គង់ វិមាន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់បញ្ហាសុខភាពដោយ ហូបស្អាត រស់នៅស្អាតប្រកបដោយអនាម័យល្អ មើលថែកុមារៗការពារគ្រោះថ្នាក់ដោយលង់ទឹក។ ចំពោះអាជ្ញាធរត្រូវរកទីទួលសុវត្ថិភាពដើម្បីរំដោះសត្វពាហនៈ ដែលបច្ចុប្បន្នកំពុងជួប បញ្ហាប្រឈម។ ក្នុងនោះដែរលោកបានចាត់តាំងកម្លាំងនៅមូលដ្ឋានបន្តពិនិត្យមើលលើស្ថានភាពទឹក ធ្វើយ៉ាងណាកាយមុខទឹកដើម្បី បញ្ជៀសរំដោះទឹកចេញកុំឲ្យមានផលប៉ះពាល់ ស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។
ដោយឡែកក្នុងរដូវប្រាំងខាងមុខនេះ លោកនឹងចុះដឹកនាំកំលាំងផ្ទាល់ ជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមការងារចុះជួសជុលផ្លូវ ឡើងវិញ ដោយប្រើប្រាស់ថវិកាបដិភាគរបស់ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត និងថវិការបស់លោកផ្ទាល់ដើម្បីសម្រួលក្នុងការ ធ្វើដំណើរ ឲ្យបានប្រសើរេឡើងវិញ។ ជុំវិញបញ្ហាផលប៉ះពាល់រងការខូចខាតផ្លូវខាងលើនេះ លោកនឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋ ទៅរាយការណ៍ជូនគណៈអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយជាមួយក្រុមហ៊ុនចិន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះ ដើម្បីកែសម្រួលកុំឲ្យមានផលប៉ះពាល់បន្តទៀត។ គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា កាលពីមិនទាន់ធ្វើប្រព័ន្ធ ធារាសាស្ត្រនេះ ស្រែស្រូវពួកគាត់មិនដែលជួបប្រទះ គ្រោះទឹកជំនន់ដូចពេលនេះទេ៕