(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីល បានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលនៅទីក្រុង Brasilia នៅថ្ងៃទី២០ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។ ភ្ញៀវកិត្តិយសជាង ២០០ រូបមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីល បានចូលរួមក្នុងសកម្មភាពនេះ។
លោក Lula ប្រធានាធិបតីប្រេស៊ីលបានថ្លែងនៅក្នុងលិខិតអបអរសាទរថា សកម្មភាព ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីល មានសារៈសំខាន់ណាស់ ដែលនឹងពង្រឹងបន្ថែមទៀត នូវស្ពានវប្បធម៌ ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ យើងសង្ឃឹមថា នឹងមានការផ្លាស់យ៉ាងទូលំទូលាយផ្នែកប្រពៃណី និងវប្បធម៌ដ៏សម្បូរបែប ដើម្បីបង្កើនការយោគយល់គ្នា និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈធ្វើការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសប្រេស៊ីល ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ចិន និងប្រេស៊ីល រួមគ្នាលើកកម្ពស់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ប្រេស៊ីល ឱ្យឡើងដល់កម្រិតថ្មីថែមទៀត និង ជំរុញឱ្យទំនាក់ទំនងចិន-ប្រេស៊ីលឈានចូល «៥០ឆ្នាំមាស» បន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន