(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជាកិច្ចការរួមគ្នា ដែលត្រូវថែរក្សា និងស្វែងរកសន្តិភាពយូរអង្វែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី បានថ្លែងថា បទពិសោធន៍របស់កម្ពុជា បានបង្ហាញឱ្យឃើញថា ជម្លោះអាចបញ្ចប់បានទទួលបានយុត្តិធម៌ ហើយប្រែក្លាយសង្រ្គាមទៅជាសន្តិភាព និងការអភិវឌ្ឍន៍។
សម្តេចបវរធិបតីមានប្រសាសន៍ថា«នៅពេលដែលយើងក្រឡេកមើលប្រវត្តិសាស្រ្តកម្ពុជា យើងឃើញថាសន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាមួយប៉ុណ្ណោះទេ ពោលគឺជាកិច្ចការរួមគ្នា ដូច្នេះយើងសូមអំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង»។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី មានប្រសាសន៍ថា ដំណើរស្វែងរកសន្តិភាព មិនអាចបំភ្លេចបានឡើយនៃភាពចាំបាច់នៃការបង្រួបបង្រួម និងការដឹកដោយប្រកបដោយចក្ខុវិស័យក្រោមនយោបាយឈ្នះៗដឹកនាំដោយសម្តេចតេជោហ៊ុន សែន។ ការបង្រួបបង្រួមជាតិ និងសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងសង្គមជាតិឡើងវិញក្រោយជម្លោះប្រកបដោយប្រសិទ្ធភាព។ កម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ក្នុងចំណោមកិច្ចការផ្សេងៗទៀត ដូចជាភាពជោគជ័យនៃសាលាក្តីខ្មែរក្រហម បានផ្តល់នូវយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ និងផ្តល់សន្តិភាពសម្រាប់អ្នកដែលរស់រៀនមានជីវិត ហើយតួនាទីរបស់យើងក្នុងការថែរក្សាសន្តិភាពសាកលលោក និងការដោះមីនដែលស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិបានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខនឹងអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានសាកល ប្រឆាំងនឹងអំពើឃោឃៅ និងឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិនាពេលអនាគត ព្រមទាំងការផ្លាស់ប្តូរកម្ពុជាពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និងជាប្រទេសរំដោះមីន ដែលពិភពលោកទទួលស្គាល់៕