(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី ១២ បានថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលសលោក និងការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (UN) បានឆ្លុះបញ្ជាំងពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលសលោក និងការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ(UN) បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត, ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និងជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បទពិសោធន៍របស់កម្ពុជា បានបង្ហាញឱ្យឃើញពីជម្លោះដែលអាចបញ្ចប់បាន យុត្តិធម៍អន្តរកាលដែលអាចសម្រេចបាន ហើយតំបន់សង្គ្រាម​បានប្រែក្លាយ​ជាកន្លែងសន្តិភាព មានការអភិវឌ្ឍ និងមានកិច្ចសហការគ្នា ដែលទាំងអស់នេះអាចសម្រេចបានដោយសារតែមានការខិតខំ និងការប្តេជ្ញាចិត្តឆ្ពោះទៅរកការផ្សះផ្សា និងឈ្នះឈ្នះទាំងសងខាង ព្រមបានដោះស្រាយដោយសន្តិវិធី។

សម្តេចមហាបវរធិបតី បានបន្ថែមថា នៅពេលដែលយើងបានក្រឡេកទៅមើលពីប្រវត្តិសាស្ត្រកម្ពុជា យើងនឹងឃើញថាសន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជា​កិច្ចការរួមគ្នា។ ដូចនេះសម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់ប្រទេស, ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែងផងដែរ៕