(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញពីលោកស្រី ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការ, លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ, តំណាងមន្ទីរ/អង្គភាពនៃខេត្តព្រះសីហនុ, អ្នកផ្ទុកមេរោគអេដស៍, សិស្ស-និស្សិត, យុវជនកាយរិទ្ធិជាតិកម្ពុជា, យុវជន ស.ស.យ.ក, យុវជន អ.ម.ត, យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ ១.០០០នាក់។

បន្ទាប់ពីមានមតិស្វាគមន៍ដោយលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ, អង្គពិធីទាំងមូលបានស្តាប់នូវបាឋកថារបស់ លោកសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានថ្លែងអំពី «មេរោគអេដស៍និងជំងឺអេដស៍ និងឥរិយាបថប្រកបដោយភាពវិជ្ជមានរបស់យុវជន» ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងយុវជនឱ្យមានសមត្ថភាពក្នុងការប្រកាន់យកនូវឥរិយាបថវិជ្ជមាន ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

លោកស្រី ម៉ាក សំណាង បានថ្លែងពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន និងសហគមន៍ជាដេីម។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណជាអនេកចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះឡើង ដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ដែលបានធ្វើបាឋកថា បកស្រាយជូនអង្គពិធីបានជ្រាបអំពីស្ថានភាពបច្ចុប្បន្ននៃមេរោគអេដស៍ និងប្រការដែលពលរដ្ឋម្នាក់ៗ ជាពិសេសយុវជនត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការពារខ្លួនមិនឱ្យធ្លាក់ខ្លួនឆ្លងពីគេ ឬចម្លងទៅកាន់អ្នកដទៃ។

លោកស្រីបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្តីអាណិត -ស្រឡាញ់ បង្ហាញពីការមិនរេីសអេីងចំពោះអ្នកផ្ទុកមេរោគអេដស៍ លេីកកម្ពស់សិទ្ធិស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិ និងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ពីម្តាយទៅកូនជាដេីម-ល-។

លោកស្រី ក៏បានទាញចំណាប់អារម្មណ៍ពីការចាប់យកកម្លាំងយុវជន មកធ្វេីជាគោលដៅចម្បងក្នុងការអប់រំផ្សព្វផ្សាយ លេីកកម្ពស់ការយល់ដឹង ព្រោះថាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាអ្នកបន្តវេន ជាធនធានមនុស្សដែលប្រកបដោយសមត្ថភាពនិងសុខភាពល្អ សម្រាប់ជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជាទៅតាមការរំពឹងទុក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានអានជូននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលផ្តាំផ្ញេី និងអំពាវនាវជូនបងប្អូនជនរួមជាតិ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងបន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការចែកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕