(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អត្រឹមត្រូវ នៅក្នុងមូលដ្ឋាន និងជាការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើង ស្របតាមការអភិវឌ្ឍរីកចម្រើននូវអគារខ្ពស់ៗ នៃរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានប្រារព្ធទិវាសម្អាតបរិស្ថានជាតិ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរង មន្ត្រីក្រោមឱវាទចំណុះជំនាញសាលាខណ្ឌសង្កាត់ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងសណ្តាប់ធ្នាប់ខណ្ឌ។

នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (សួនមិត្តភាព) សង្កាត់មិត្តភាព ខណ្ឌ៧មករា។

លោក ថេង សុថុល បានថ្លែងថា «ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋ ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចេះស្រឡាញ់ ថែរក្សាសុខភាព និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវលើការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបាន ត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតង ស្រស់ប្រកបដោយផាសុកភាព»។

ខណៈរើសសំរាមបណ្តើរនោះលោក ថេង សុថុល បានគូសបញ្ជាក់ថា យើងធ្វើក្នុងគោលបំណង លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អត្រឹមត្រូវ នៅទូទាំងខណ្ឌ និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងតាមកំណើនប្រជាពលរដ្ឋ តម្រូវឱ្យយើងទាំងអស់រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឱ្យបានប្រសើរឡើង។

លោកអភិបាលខេត្តបានបន្ថែមថា «បញ្ហាសំរាម បើយើងមិនបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងឱ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងវិញជាក់ជាមិនខាន ព្រោះបញ្ហាសំរាម ធ្វើឱ្យមានក្លិនស្អុយ មេរោគបង្កជំងឺ ខ្ពើមរអើម ប៉ះពាល់ដល់យើង អ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់ បណ្តាលឱ្យខូចសុខភាព ធ្វើឱ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារ មូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍ គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាទម្លាប់មិនល្អ នៅក្នុងសង្គម និងគ្រួសារបង្កឱ្យមានការបំពុលដល់បរិស្ថាន ដូចជា៖ បំពុលទឹកដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា និងកកស្ទះប្រព័ន្ធលូ»។

លោកបានលើកឡើងថា ការចូលរួមរបស់មហាជន ក្នុងការធ្វើអនាម័យបរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀនឱ្យស្រស់ស្អាតផូរផង់ និងបៃតង ជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋឱ្យបានប្រសើរឡើង៕