(ភ្នំពេញ)៖ អនុវត្តតាមសេចក្តីជូនដំណឹង, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះផ្សព្វផ្សាយ និងចែកលិខិតជូនដំណឹងណែនាំដល់បងប្អូនអាជីវករ ដែលកំពុងធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ និងផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ ឱ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាបន្ទាន់
តាមរយៈសេចក្តីជូនដំណឹងអាជ្ញាធរខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវកទាំងអស់មេត្តាចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាននូវអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌបានទុករយៈពេល ៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ផុតរយៈពេល ៣ថ្ងៃ រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយរើទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើចិញ្ចើមផ្លូវ បណ្តាលឱ្យបែកបាក់ ឬខូចខាត អាជ្ញាធរខណ្ឌមិនទទួលខុសត្រូវនោះឡើយ៕