(ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោ​បាយ​អាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះ​ផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅ​ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតី​ភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់​ដឹក​នាំ និងតំណាងគណបក្សនយោបាយមកពី៤៥ប្រទេសផងដែរ។

នៅក្នុងពិធីបិទមហាសន្និបាតរយៈពេល៣ថ្ងៃនេះ នឹងមានការអានរបាយការណ៍​ស្តីពី​លទ្ធផលនៃសម័យប្រជុំពេញអង្គដោយលោក Kwon Hee-seong អគ្គលេ​ខាធិការ ICAPP, អានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយលោក​ស្រី អុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយ​ការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ ដោយលោកស្រី ភឿង សកុណា, អានរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំវេទិកាសារព័ត៌​មាន​លើក​ទី៧ ដោយលោក នេត ភក្ត្រា សមាជិកគណៈប្រតិភូគណបក្សប្រជាជន​កម្ពុជា និងការអាន និងការអនុម័តនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញ ដោយលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP និងជាអ្នករាយការណ៍ពិសេស ICAPP។

ក្នុងពិធីបិទនេះ ក៏មានការប្រកាសអំពីពានរង្វាន់ ICAPP Asian century Award និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១៣ ឆ្នាំ២០២៦ ដោយលោក Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP។

មហាសន្និបាត ICAPP លើកទី១២ ត្រូវបានបើកជាផ្លូវការយ៉ាងមហោឡារិក​នៅថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិ​យ​ស​មហាសន្និបាត ICAPP លើកទី១២ និងជាប្រធានគណ​បក្ស​ប្រជាជន​កម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ ថ្នាក់ដឹកនាំរបស់ ICAPP និងថ្នាក់ដឹកនាំ ក៏ដូចជាតំណាងគណបក្សនយោបាយមកពី ៤៥ប្រទេស។

បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ កិច្ចប្រជុំនានា ក៏បានប្រព្រឹត្តទៅតាមកម្ម​វិធី​ដែល​បានគ្រោងទុករួមមាន៖ សម័យប្រជុំពេញអង្គចំនួន៣វគ្គ, កិច្ចប្រជុំតុមូលនៃ​គណ​បក្សនយោបាយអន្តរតំបន់ ក្រោមប្រធាន «តួនាទីគណបក្សនយោបាយ​ក្នុងការ​កសាងសន្តិភាព និងការផ្សះផ្សា», កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី​លើកទី​៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការ​ផ្សះផ្សា», កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធាន​បទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព»។

នៅក្នុងមហាសន្និបាតនេះ ក៏មានការចុះហត្ថលេខាអនុស្សារណៈ​នៃការ​យោគយល់​រវាង ICAPP និងសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិ​ភាព (IPTP), ICAPP និងអន្តរសភាអាស៊ាន (AIPA)។

សូមបញ្ជាក់ថា មហាសន្និបាត ICAPP លើកទី១២ មានការអញ្ជើញចូលរួម​គណៈប្រតិភូចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូ​កម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និង​គណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញ​ចូលរួម​ពីគណបក្សចំនួន៦២គណបក្សនយោបាយ ក្នុងនោះគណបក្សនយោ​បាយ​ចំនួន៥១ មកពីអាស៊ី, គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្ស​នយោបាយចំនួន៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺ​តំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) និង មាន៤៥​ប្រទេស​ចូលរួម។

ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាង​គណបក្សនយោបាយនៅអាហ្វ្រិក តំណាងគណបក្សនយោបាយ​នៅតំបន់សមុទ្រ​ខ្មៅ និងបណ្តាគណបក្សនយោបាយដែលមកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាងសារព័ត៌មានសំខាន់ៗមកពី ១៥ប្រទេសចូលរួមផងដែរ។

មហាសន្និបាត ICAPP លើកទី១២ ជាវេទិកាមួយបង្ហាញនូវសាមគ្គីភាពនៃបណ្តា​គណបក្ស​នយោបាយនៅអាស៊ីក្នុងសភាពការណ៍នៃសន្តិសុខពិភពលោកថ្មី ក្នុង​សភាពការនៃការបម្រែបម្រួលអាកាសធាតុ និងដើម្បីរួបរួមគ្នាដើម្បីឆ្ពោះទៅកសាង​សន្តិភាពមួយនៅលើផ្លូវនៃគណបក្សនយោបាយដែលគោរពតាមនៅអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយជាពិសេសគោរពបាននៅអធិបតេយ្យភាព និងឯករាជ្យ​ភាព​នៃបណ្តាគណបក្សនយោបាយ ដែលតំណាងឱ្យប្រទេសទាំងគណបក្ស​នយោបាយ​ដឹ​កនាំអំណាច និងគណបក្សនយោបាយដែលជាសម្ព័ន្ធភាព និងគណបក្សតូចៗ​ដែលមានកៅអីនៅក្នុងរដ្ឋសភា៕