(បាងកក)៖ តុលាការថៃនៅថ្ងៃអង្គារ នេះ បានសម្រេចឃុំខ្លួនមេដឹកនំាចលនាអាវក្រហម ដ៏ល្បីឈ្មោះម្នាក់ពីបទរំលោភលើកិច្ចសន្យានៃការធានាឱ្យនៅក្រៅឃុំ តាមរយៈការប្រើពាក្យសម្ដី ប្រមាថលើអ្នកដ៏ទៃនៅអំឡុង ពេលនិយាយពីរឿងនយោបាយនៅលើកញ្ចក់ទូរទស្សន៍។ នេះបើតាម ការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
លោក ចតុផន ព្រំផាន់ (Jatuporn Prompan) គឺជាមេដឹកនំាក្រុមអាវក្រហមដ៏សំខាន់ម្នាក់ដែល គំាទ្រ និង ដើរតាមគោលនយោបាយ របស់អតីនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និង ប្អូនស្រី របស់លោក គឺលោកស្រី Yingluck Shinawatra ដែលត្រូវបានរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពី ឆ្នាំ២០១៤ ហើយចាប់ពេលនោះមកដែរ របបយោធាថៃ បានធ្វើការគាបសង្កត់និងឃុំខ្លួនអ្នករិះគន់ ជាពិសេសនោះគឺសមាជិកគំាទ្រក្រុមអាវក្រហមតែម្ដង។
លោក ចតុផន ព្រំផាន់ និងមនុស្ស១៨នាក់ផ្សេងទៀត ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹង សកម្មភាពភេរវកម្មកាលពីឆ្នាំ២០១០ ក៏ប៉ុន្តែលោកត្រូវតុលាការ ដោះលែងឱ្យនៅក្រៅឃុំ និង តម្រូវឱ្យលោក កុំប្រើពាក្យជេរប្រមាថ និង បរិហាកេរ្តិ៍អ្នកដ៏ទៃឬក៏បង្កភាពវឹកវរនៅ ក្នុងសង្គម។ ដូច្នេះបើតាមតុលាការថៃ ការសម្រេចឃុំខ្លួនអតីតមេដឹកនំា ក្រុមអាវក្រហមរូបនេះដោយសារ ចៅក្រម មើលឃើញថាលោកបានបញ្ចេញមតិ ដោយប្រើពាក្យប្រមាថទៅលើអ្នកដ៏ទៃនៅតាមកញ្ចក់ទូរទស្សន៍។
គួររំលឹកថា កាលពីឆ្នាំ២០១០ លោក ចតុផន ព្រំផាន់ បានដឹកនំាចលនាអាវក្រហមធ្វើបាតុកម្ម តវ៉ានៅទីក្រុងបាងកក ដើម្បីទាមទារឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោក Abhisit Vejjajiva ចុះចេញពីដំណែង ប៉ុន្តែការតវ៉ានៅពេលនោះ មានមនុស្សជាង៩០នាក់ ភាគច្រើនជាក្រុមបាតុករ បានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នា ដោយហិង្សាជាមួយនឹងយោធាថៃ៕