(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានរៀបចំពិធីបើកសម្ពោធ ខ្សែភាពយន្តថ្មីទៀត ដែលចំណាយទុនក្នុងការផលិត ប្រមាណជាង៦ម៉ឺនដុល្លារ មានចំណងជើងថា «ត្រកូលអ្នកប្រដាល់» នៅផ្សារទំនើបអ៉ីអនម៉ល នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD, លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម Angkor Picture ព្រមទាំងវត្តមានតារាល្បីៗ ជាមួយអ្នកគាំទ្រ និងមានក្រុមកុមារកំព្រា ចូលរួមផងដែរ។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងរឿង «ត្រកូលអ្នកប្រដាល់» បានចំណាយពេលជាច្រើនខែ ក្នុងការថតសម្រិតសម្រាំង ឲ្យរឿងមានគុណភាពល្អ មានភាពកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជន សើចសប្បាយ។ ដោយឡែក បើនិយាយពីទុនក្នុងការផលិត គឺចាយអស់ជាង៦ម៉ឺនដុល្លារ ដែលក្រោយពីបើកសម្ពោធ ខ្សែភាពយន្តនេះ នឹងធ្វើការចាក់បញ្ចាំង នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ នៅគ្រប់រោងភាពយន្តទាំងអស់។
លោកបានបញ្ជាក់ថា អ្វីដែលជាចំណុចពិសេសក្នុងរឿង «ត្រកូលអ្នកប្រដាល់» គឺយើងបានកែប្រែចរឹតតួសម្ដែងទាំងអស់ ដើម្បីជាការឆ្លើយតបជាមួយនឹង ទស្សនិកជន ដែលតែងតែលើកឡើងថា ផលិតកម្ម LD យកតួដដែលៗមកសម្ដែង។ ទោះបីជាក្នុងរឿងនេះ មានវត្តមានតារាសម្ដែងដដែលៗក្ដី ប៉ុន្តែយើងបានឲ្យពួកគាត់ ប្ដូរចរឹតវិញម្ដង តើនឹងទៅជាយ៉ាងណា?
យ៉ាងណាមិញលោក លៀក លីដា បានធ្វើការសន្និដ្ឋានថា រឿង «ត្រកូលអ្នកប្រដាល់» នៅក្រោយពេលដាក់បញ្ចាំងរួចរាល់ នឹងទទួលបានចំណូលប្រហាក់ប្រហែល នឹងរឿងមុនៗដែរ ព្រោះតាមរយៈទីផ្សារភាពយន្ត និងចរន្តនៃអ្នកទស្សនា គឺពុំមានអ្វីប្រែប្រួលខ្លាំងនោះឡើយ។ ប៉ុន្តែផលិតកម្ម LD ផលិតរឿងនីមួយៗ គឺតែងតែផ្ដោត សំខាន់លើគុណភាពជាចំបង ព្រោះជាបទពិសោធន៍មួយត្រូវតែវិវឌ្ឍទៅមុខជានិច្ច តម្រូវតាមទីផ្សារក្នុងស្រុក និងក្រៅស្រុក។
សូមបញ្ជាក់ថា រឿង «ត្រកូលអ្នកប្រដាល់» មានតួឯកស្រី គឺអ្នកនាង សាត រស្មី និងតួឯកប្រុស គឺនាយគ្រឿន ព្រមទាំងតារាល្បីជាច្រើនទៀត រួមមាន អ្នកនាងខ្ញុង, នាយក្រូច, លោក ងួន សុបិន្ត លោក BIG, លោក លឹម ជាឡាយ រួមជាមួយតារាល្បីៗមួយចំនួនទៀត។
ដូច្នេះចង់ដឹងថា ខ្សែភាពយន្តស្នាដៃថ្មី របស់ផលិតកម្ម LD Picture រឿង «ត្រកូលអ្នកប្រដាល់» កំប្លែងធ្វើឲ្យទស្សនិកជន សើចសប្បាយកម្រិតណា ជាមួយសាច់រឿងនេះ កុំភ្លេចណា ! ចាប់ពីថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ទស្សនិកជន និងមិត្តយុវវ័យ អាចចូលទស្សនាបាន នៅគ្រប់រោងភាពយន្ត នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប៕