(ភ្នំពេញ)៖ យោងតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅលោក ធន សារាយ ប្រធានសមាគមអាដហុក សាកសួរជុំវិញរឿង សូកប៉ាន់សាក្សី ក្នុងនាមជាសាក្សី ចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅបន្ទប់ «ស» ជាន់ទី៥។
ការចេញដីកាកោះហៅនេះ ដើម្បីសាកសួរលោក ធន សារាយ ជុំវិញដំណើររឿង សូកប៉ាក់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា-មេសា ឆ្នាំ២០១៦។ សាម៉ីខ្លួនត្រូវអញ្ជើញមកឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន។
សូមបញ្ជាក់ថា ដីកាកោះហៅនេះត្រូវបានប្រគល់ជូនរដ្ឋបាលរបស់សមាគមអាដហុក ដោយប្រគល់ជូនឈ្មោះ ម៉ៅ ម៉ាប់, ព្រោះលោក ធន សារាយ ជាប់បំពេញបេសកកម្មក្រៅប្រទេស៕