(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការវាយតម្លៃទទួលស្គាល់ការសិក្សា ពីមុនរបស់អ្នកជំនាញ ទេសចរណ៍ នៃសេវាកម្មសណ្ឋាគារ» ដើម្បីពន្យល់ពីនីតិវិធី និងគោលបំណង នៃការវាយតម្លៃទទួលស្គាល់អ្នកជំនាញទេសចរណ៍។
សិក្ខាសាលានេះ ធ្វើឡើងដោយមានការចូលរួមពី តំណាងមន្ទីរទេសចរណ៍ លោក លោកស្រី ជាគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ តំណាងសណ្ឋាគារសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សិស្ស-និសិ្សត ប្រមាណ៣០០នាក់ នៅស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្នុងគោលបំណងផ្សព្វផ្សាយពី នីតិវិធី និងបែបបទនៃការវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកកំពុងបម្រើការងារ ក្នុងវិស័យទេសចរណ៍ ជាពិសេសផ្នែកសណ្ឋាគារ ដើម្បីឲ្យអ្នកជំនាញទាំងនេះ ត្រៀមខ្លួនចួលរួមវាយតម្លៃទទួលស្គាល់សមត្ថភាព។
ការវាយតម្លៃទទួលស្គាល់សមត្ថភាពនេះ ជាឱកាសសម្រាប់អ្នកជំនាញ ជាពិសេសអ្នកដែលពុំមានវិញ្ញាបនបត្រ ឬសញ្ញបត្រវិជ្ជាជីវៈ ចូលរួមការវាយតម្លៃបទពិសោធន៍ ចំណេះដឹង និងជំនាញ ដើម្បីទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រជំនាញទេសចរណ៍ ស្របតាមស្តង់ដារជាតិ និងអាស៊ាន។
គម្រោងវាយតម្លៃទទួលស្គាល់នេះ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងធ្វើការវាយតម្លៃលើមុខជំនាញចំនួន ២ផ្នែក រួមមាន៖ ទី១.ការរិយាល័យជួរមុខ, ទី២.ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីទទួលបានសញ្ញាបត្រវិជ្ជាជីវៈ ក្នុងក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន។ ការវាយតម្លៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែវិចិ្ឆកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលវាយតម្លៃណាហ្គាវើល រាជធានីភ្នំពេញ។
សម្រាប់គម្រោងវាយតម្លៃសមត្ថភាពខាងលើ មិនត្រឹមតែចូលរួមពង្រឹងសមត្ថភាព អ្នកជំនាញទេសចរណ៍កម្ពុជា ប៉ុណ្ណោះទេថែមទាំង ចូលរួមដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានទាំងមូល តាមរយៈកិច្ចសហការទេសចរណ៍ ក្នុងក្របខ័ណ្ឌអាស៊ាន។
សូមជម្រាបថា ការបង្កើតការងារ និងការអភិឌ្ឍជំនាញទេសចរណ៍ដល់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នេះ ជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងទេសចរណ៍ សំដៅធ្វើឲ្យអ្នកជំនាញទាំងអស់ មានសមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ព្រមទាំងមានលទ្ធភាពចូលរួមបម្លាស់ទីការងារ ក្នុងតំបន់ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្នុងក្របខណ្ឌនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕