(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្ទាប់ពីបញ្ចប់ការសាកសួរសុខទុក្ខអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំហើយនោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជន នៅក្នុងខេត្តព្រៃវែង។
ក្នុងឱកាសចុះសួរសុខទុក្ខអតីតយុទ្ធជនជាង ១០០០នាក់នៅក្នុងខេត្តព្រៃវែងនេះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងសូមទោសនូវ ភាពចន្លោះប្រហោងមួយចំនួនលើជីវភាពរបស់អតីតយុទ្ធជននាពេលកន្លងទៅ ដោយសារការជាប់រវល់ជាមួយការងារមួយចំនួន។ នាយ ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ចាប់ពីនេះតទៅលោកនឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីសេខក្តីសុខរបស់អតីតយុទ្ធជនកម្ពុជា។
ក្រៅពីការធានាប្រឹងប្រែងជួយឲ្យអតីតយុទ្ធជនរស់នៅបានល្អប្រសើរហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់មេប៉ុស្តិ៍ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ត្រូវមើលថែទាំអតីតយុទ្ធជន ទាំងសុខភាព ជីវភាពរស់នៅ ជាពិសេសពេលអតីតយុទ្ធជន មានធុរៈ ត្រូវចេះជួយគ្នា ពេលមានពិធីផ្សេងៗ ឬបុណ្យជាតិត្រូវអញ្ជើញពួកគាត់ឲ្យចូលរួម ដើម្បីជាការលើកទឹកចិត្ត។
បន្ទាប់ពីសំណេះសំណាលនាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់ថវិការបស់សមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានជូនដល់អតីតយុទ្ធជនទាំងជាង ១០០០នាក់ ក្នុងម្នាក់ៗប្រមាណ ៥ម៉ឺនរៀល៕