Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌដង្កោ ចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារថ្នល់បត់ ដើម្បីបញ្ជៀសការកកស្ទះ និងត្រៀមដាក់ប្រព័ន្ធលូរំដោះទឹក

11-10-2016 15:42

(ភ្នំពេញ)៖ ដោយសារមួយរយះនេះ គេសង្កេតឃើញក្រុមអាជីករ បានដាក់លក់ទំនិញមកលើចិញ្ចើមផ្លូវ និងមុខសំយ៉ាបផ្ទះរំលោភលើផ្លូវសាធារណៈ ត្រង់ចំណុចផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោមកនោះទើប ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ បានចុះរៀបចំ និងណែនាំដល់ក្រុមអាជីវករ ឲ្យរើសម្ភារ និងទំនិញផ្សេងៗ ចេញពីចិញ្ចើមផ្លូវ ហើយក៏បានសំណូមពរឲ្យម្ចាស់លំនៅដ្ឋាន អមសាងសងផ្លូវព្រៃស ត្រង់ចំណុចផ្សារថ្នល់បត់ ដែលសងរំលោភចូលផ្លូវសាធារណៈរុះរើចេញ។

លោក ចេង មុនីរ៉ា បានថ្លែងថា ការចុះរៀបសណ្តាប់ធ្នាប់ត្រង់ចំណុចខាងលើនេះ ក្រោយពីមានបញ្ជារបស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ហើយចំពោះប្រតិបត្តិការខាងលើនេះ គោលបំណងរក្សាសោភ័ណ្ឌភាពសណ្តាប់ធ្នាប់សាធារណៈ គោលបំណងបញ្ជៀសការកកស្ទះចរាចរណ៍ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋពេលចតយានជំនិះ ចុះដើរទិញទំនិញដែលលក់ហែរមកលើចិញ្ចើមផ្លូវ។

លោកបន្តថា ដោយសារផ្លូវនេះត្រូវអភិវឌ្ឍន៍ដាក់ប្រព័ន្ធលូ នឹងស្ថាបនាផ្លូវបេតុងឡើងវិញហេតុនេះ ទើបអាជ្ញាធរសម្រេចឲ្យបងប្អូន ដែលមានលំនៅដ្ឋានអមសាងសងផ្លូវព្រៃស រុះរើសំយ៉ាបផ្ទះ នឹងតង់ផ្សេងៗ ដែលធ្វើហែមកលើកផ្លូវសាធារណៈ ដើម្បីងាយស្រួលដល់ការអភិវឌ្ឍន៍៕