(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នឹងអាចទៅបំពេញទស្សនកិច្ចនៅប្រទេស រុស្ស៊ី បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចនៅជប៉ុន។ នេះបើសារព័ត៌មាន Channel News Asia ចេញផ្សាយតាមសម្តីរបស់លោក Duterte ដែលត្រូវបានដកស្រង់ នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
លោក Duterte បច្ចុប្បន្ននេះ កំពុងតែរៀបចំគំរោងបំពេញទស្សនកិច្ចនៅប្រទេស ប្រ៊ុយណេ, ចិន, និង ជប៉ុន ដែលនឹងធ្វើឡើងនៅអំឡុងខែតុលា នេះ ដូចដែលលោកធ្លាប់បានប្រកាសជាច្រើនដងរួចមក ហើយថា ប្រទេសហ្វីលីពីន នឹងបង្កើតសម្ព័ន្ធមិត្តដ៏ជិតស្និតថ្មីៗទៀត ដូចជាជាមួយ ចិន និង រុស្ស៊ី ជាដើម ខណៈដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហាក់ពុំសូវល្អនោះឡើយ។
គួរបញ្ជាក់ តាមសម្តីលោក Duterte ថ្លែងនៅក្នុងពិធីតែងតាំងមន្ត្រីរដ្ឋថ្មី នៅទីក្រុងម៉ានីល នាថ្ងៃអង្គារ នេះថា «ខ្ញុំនឹងទៅប្រទេសជប៉ុន ហើយបន្ទាប់មកប្រហែលជារុស្ស៊ី»៕