(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងក្នុងទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃទី១១ ខែតុលានេះថា សូមប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យ និងវះកាត់ភ្នែកឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១២-១៤ខែតុលានេះ នៅតាមបណ្ដាមន្ទីរពេទ្យរាជធានី-ខេត្ដ។

លោកវេជ្ជបណ្ឌិតបន្ដថា «សូមប្រជាពលរដ្ឋដែលមានជំងឺភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក ជំងឺរលាកសរសៃបាតភ្នែកបណ្ដាលពីជំងឺ ទឹកនោមផ្អែម និងបញ្ហាភ្នែកផ្សេងៗទៀត សូមប្រញាប់មកព្យាបាលឲ្យទាន់ពេលវេលា ពិសេសក្នុងរយៈពេលបីថ្ងៃនេះដែលយើងមានពេទ្យ ជំនាញៗសហការគ្នា ជាមួយអង្គការជាតិ-អន្ដរជាតិជាច្រើន​ រង់ចាំព្យាបាលនៅគ្រប់បណ្ដា មន្ទីរពេទ្យរដ្ឋទូទាំងរាជធានី-ខេត្ដ ដោយឥតគិតថ្លៃ ជាមួយនឹងការបំពាក់សម្ភារៈទំនើបៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺភ្នែក ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ »

លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «ទោះរហូតមកដល់ពេលនេះ ស្ថានភាពបញ្ហាពិការភ្នែកនៅកម្ពុជា យើងបានថយចុះច្រើន ដោយពី ១.២% បានថយចុះត្រឹម០.៣៨% ក៏ដោយ តែយើងនៅតែប្រឹងប្រែងបន្ដទៀត ធ្វើយ៉ាងណាសហការជាមួយដៃគូ ពាក់ព័ន្ធទាំងអស់ ពង្រឹង និងពង្រីកនូវធនធានមនុស្សបន្ថែមទៀត ឲ្យមានឯកទេសច្បាស់លាស់ ដើម្បីតម្រូវការព្យាបាលដល់ប្រជាពលរដ្ឋ​ ឲ្យបានកាន់ច្រើន បន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ យើងអាចព្យាបាលជំងឺភ្នែកឡើងបាយ បានចំនួនប្រមាណ ៣ម៉ឺនករណីក្នុងមួយឆ្នាំៗប៉ុណ្ណោះ»

លោកវេជ្ជបណ្ឌិតបន្ដថា សម្រាប់មន្ទីរពេទ្យរុស្ស៊ី បានផ្ដល់ជូនការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០-១៤ ខែតុលានេះ  ហើយចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ខាងមុខនេះ មន្ទីរពេទ្យយើង បានធ្វើការសហការជាមួយមន្ទីរពេទ្យភ្នែក Xiamen Eye Center នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងរៀបចំកម្មវិធីពិនិត្យ-ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ដោយឥតគិតថ្លៃផងដែរ៕