(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ មកកាន់សារៈមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែងនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ បឹងជើងឯក ក៏ដូចជានៅសាលាក្តីខ្មែរក្រហមពិតជាមានសារៈសំខាន់ ក្នុងការសិក្សាស្វែង យល់ពីការពិតដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងដំណើរស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាទាំងនេះ ហើយ ក៏បានពង្រឹងនូវ ការចងចាំអំពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិនតេយ្យ និងឧក្រិដ្ឋកម្ម និង ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក នេត្រ ភក្ត្រា បានលើកឡើង នៅក្នុងអំឡុងពេលដែលលោកចូលរួមនៅក្នុង ពិធីផ្សព្វ ផ្សាយអំពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មមន្ទីរស-២១ និងបឹងជើងឯកជូនដល់ប្រជាពលរដ្ឋចំនួនជាង ២០០នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការរៀបចំការផ្សព្វផ្សាយនេះឡើងដើម្បីរក្សាប្រក្រតីភាពនៃ ដំណើរការផ្សព្វផ្សាយអំពីសាលាក្តីខ្មែរក្រហមជូនដល់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ទីធ្លា និងច្រកចូលទៅកាន់សាលាក្តី ខ្មែរក្រហមត្រូវបានទឹកជន់លិច មិនទាន់មានផ្លូវសុវត្ថិភាពណាមួយ សម្រាប់ការចូលរួមរបស់សាធារណជនក្នុងដំណើរ ការសវនាការនេះទេ។
ហេតុដូច្នេះសាធារណជនមិនអាចចូលទៅកាន់សាលសវនាការ បាននៅឡើយ។ លោកបថ្លែងថា បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមទស្សនកិច្ចនេះ នឹងទទួលបាននូវព័ត៌មានសំខាន់ៗ និងយកទៅផ្សព្វផ្សាយបន្ត ដល់ ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានរបស់ពួកគាត់។ លោកក៏បានគូសបញ្ជាក់ដែរថា ក្នុងចំណោមប្រជាពលរដ្ឋមកទស្សនកិច្ចនេះ មានយុវជន យុវនារីដែលមិនបានឆ្លងកាត់របបខ្មែរក្រហម ហើយទស្សនកិច្ចនេះ នឹងផ្តល់ នូវព័ត៌មាន ព្រមទាំងការចងចាំរបស់ពួកគាត់ចំពោះរឿងរ៉ាវអតីតកាលផងដែរ។
លោក នេត្រ ភក្ត្រា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ អំពីដំណើរការរបស់សាលាក្តីខ្មែរក្រហមដែល បានសម្រេចនសពេលកន្លងមកក្នុងនោះ ឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទូលស្លែង និងនៅបឹងជើងឯកត្រូវ
បានយកទៅជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមដោយជនជាប់ចោទ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួល ស្លែងត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្ន ឌុច មានអាយុ ៧៤ ឆ្នាំ និងកំពុងតែអនុវត្តទោសជាប់ពន្ធនាគារមួយជីវិត របស់គាត់នៅពន្ធនាគារខេត្តកណ្តាល។
លោកបានបន្តថា ចំពោះសំណុំរឿង ០០២/០១ អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា នួន ជា និងខៀវ សំផន មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធអង្គហេតុជម្លៀសប្រជាជន ដោយបង្ខំដំណាក់ កាលទី១ និងទី២ និងការសម្លាប់អតីតមន្ត្រីរដ្ឋការសម័យសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ និងបានសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត។ ទាក់ទងនឹងសំណុំរឿង ០០២/០១ នេះអង្គជំនុំជម្រះ តុលាការ កំពូល គ្រោងនឹងប្រកាសសាលដីកា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានឱ្យដឹងផងដែរថា ការជំនុំជម្រះក្តីសំណុំរឿង ០០២/០២ ដែលមាន ជនជាប់ចោទ នួន ជា និងខៀវ សំផន បានដំណើរការរយៈពេលជាង ២២០ ថ្ងៃហើយ និងបានស្តាប់ការផ្តល់សក្ខី កម្មសាក្សីជិត ១០០ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីជាង ៥០ នាក់ និងអ្នកជំនាញចំនួន ៥ រូប។ អង្គជំនុំជម្រះសាលា ដំបូងដែលកំពុងបើកសវនាការសួរដេញដោល លើភស្តុតាំងក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងឧក្រិដ្ឋកម្មសង្គ្រាម ហើយគ្រោងនឹងបញ្ចប់ការសួរដេញដោលនៅចុងឆ្នាំ ២០១៦ នេះ។ អង្គជំនុំជម្រះសាលាដំបូងគ្រោង នឹងប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ នៅចុងឆ្នាំ ២០១៧។
បន្ទាប់ពីទទួលបាននូវព័ត៌មាន ទាក់ទងនឹងការវិវឌ្ឍថ្មីៗរបស់សាក្តីខ្មែរក្រហម បងប្អូនប្រជាពលរដ្ឋមកពីខេត្ត បានបន្តដំណើរទស្សនកិច្ចរបស់ខ្លួន នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដោយមានមគ្គុទ្ទេសរបស់ សារៈមន្ទីរ ពន្យល់ពីប្រវត្តិ និងរឿងរ៉ាវដែលកើតឡើងនៅទីនេះ ព្រមទាំងបានទស្សនានូវរូបថតរបស់ជនរងគ្រោះ និងបន្ទប់ឃុំ ឃាំងអ្នកទោសផងដែរ។ ពលរដ្ឋដែលមកទស្សនកិច្ចមានទឹកមុខស្រងូតស្រងាត់តក់ស្លុត ចំពោះការបាត់បង់ជីវវិត របស់ជនស្លួតត្រង់ខ្មែរក្នុងរបបខ្មែរក្រហម៕