(ស៊ីដនី)៖ មនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់ បានទទួលរងរបួស បន្ទាប់ពីទូកទេសចរណ៍ មួយគ្រឿង បានជ្រុលទៅបុកនឹងរនាំងកំពង់ផែ Circular Qauy នៃទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ គេហទំព័ររបស់អង់គ្លេស Daily Mail នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
យោងតាមសេចក្តីរាយការណ៍ នៅក្រោយពេលកើតហេតុភ្លាមៗបានឲ្យដឹងថា មានអ្នកដំណើរមួយចំនួន ប្រហែលជាបានរអិលជើងធ្លាក់ពីលើទូក ខណៈពេលដែលទូកកំពុងព្យាយាមចូលចត នៅកំពង់ផែ Circular Quay ហើយមនុស្សចំនួន១៨នាក់ ដោយក្នុងនោះមានម្នាក់ត្រូវគេជឿជាក់ថា បានទទួលរង របួស ឆ្អឹងខ្នងធ្ងន់ធ្ងរជាងគេ បន្ទាប់ពីការប៉ះទបង្គិចបានកើតឡើង ហើយអ្នករងគ្រោះទាំងអស់ កំពុងទទួលការត្រួតពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យ នៅនឹងកន្លែងកើតហេតុផ្ទាល់។
ជុំវិញគ្រោះថ្នាក់នេះដែរ ប៉ូលិស បានធ្វើការសន្និដ្ឋានថា ទូកទេសចរណ៍ខាងលើ ទំនងជាមិនអាច បន្ថយល្បឿនបានទាន់ពេលវេលា ទើបបណ្តាលឲ្យបុករនាំង នៅកំពង់ផែ Circular Quay តែម្តងទៅ៕