(ភ្នំពេញ)៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD ដឹកនាំដោយ លោក YUAN LINKUN ប្រធានក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋានផ្លូវដែក នាយកដ្ឋានអង្កេត និងបូកសរុបភស្តុភារកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

លោក វ៉ាស៊ឹម សុរិយា បានលើកឡើងពីបច្ចុប្បន្នភាព នៃខ្សែផ្លូវដែកទាំងពីរខ្សែដែលមានស្រាប់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងគម្រោងសំខាន់ៗមួយចំនួន ដែលក្រសួងបាន និងកំពុងអនុវត្តជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសនឹងទិសដៅរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញ និងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះឱ្យមានសមត្ថភាពស្មើគ្នាដល់កម្រិតល្បឿន 80 km/h និងជំរុញនូវការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មី ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន បានអរគុណថ្នាក់ដឹកនាំក្រសួង ដែលបានផ្ដល់អនុសាសន៍ល្អៗដល់ក្រុមហ៊ុនក្នុងការស្វែងយល់បន្ថែមក្នុងការវិនិយោគលើខ្សែផ្លូវដែកថ្មីនៅកម្ពុជា ក្នុងការតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាន នៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផងដែរ។

គួរជម្រាបជូនថា កម្ពុជាមានគម្រោងផ្លូវដែកចំនួន០៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់បញ្ចូលក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន ១៧៤ គម្រោងផងដែរ៕