(កំពង់ស្ពឺ)៖ នៅពេលថ្មីៗនេះមន្រ្តីជំនាញ និងកម្លាំងចម្រុះជាង៥០នាក់ ចុះឆែករកឃើញឈើមូលចំនួន ១០៣៩ដុំ នៅក្នុងដីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ដាំអំពៅមួយឈ្មោះ ហ្គ្រេដហ្វ៊ាល នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមិនទាន់អស់ទេ ដោយមុនពេល កម្លាំងសមត្ថកិច្ចចុះទៅ គឺក្រុមរកស៊ីដឹកបទល្មើសព្រៃឈើ បានលួចដឹកប្រភេទឈើប្រណិតចេញចំនួន៤ឡាន យីឌុបធំៗយកទៅលាក់ទុក និងទំលាក់ចូលស្រះទឹក នៅដីចំការលោកឧកញ៉ាម្នាក់ ដែលមានទីតាំង ស្ថិតនៅភូមិ ត្រពាំលៀប ឃុំផុង ស្រុកបរសេធ ខេត្តកំពង់ស្ពឺ, ដូច្នេះសូមជំនាញរដ្ឋបាលព្រៃឈើនិង អជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់ការផង។
សូមជំរាបថា នាពេលថ្មីៗនេះ កម្លាំងចម្រុះបានរឹបអូសឈើខុសច្បាប់ជាង១ពាន់ដុំ ជារបស់ឧកញ៉ាម្នាក់ក្នុងដីក្រុមហ៊ុនចិនមួយនៅខេត្តកំពង់ស្ពឺ ជាឈើដែលអង្គការសង្គមស៊ីវិលថា កាប់មកពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលការពារដោយព្រះរាជក្រឹត្យ។
កម្លាំងចម្រុះ៥៣នាក់បានឆ្មក់រកឃើញឈើមូល១០៣៩ដុំនៅក្នុងដីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិនដាំអំពៅមួយ ឈ្មោះ ហ្គ្រេដហ្វ៊ាល នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះបើតាមលោក ប៊ុន វិចិត្រ អភិបាលរង ស្រុកឱរ៉ាល់ ដែលបានចុះបង្ក្រាបជាមួយក្រុមចម្រុះនោះ។
លោក វិចិត្រ បញ្ជាក់ថា៖ «ឈើហ្នឹងជាប្រភេទឈើចម្រុះមូលចាស់រាប់ខែ និងឈើឡាំងខ្លះដូចជា សុក្រំ ផ្ចឹក និងព្រះព្នៅ។ វាជាឈើខុសច្បាប់អ៊ីចឹងហើយទើបបានយើងចុះបង្ក្រាប និងរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ»។
ទោះយ៉ាងណាគ្មានម្ចាស់ឈើ ឬអ្នកពាក់ព័ន្ធណាម្នាក់ត្រូវបានឃាត់ខ្លួនទេ។ លោកបន្ថែមថា កម្លាំងចម្រុះឃើញតែឈើជាវត្ថុតាង និងកម្មករ ២ ទៅ ៣ នាក់នៅក្នុងសិប្បកម្មកែច្នៃឈើខុសច្បាប់នោះ ប៉ុន្តែពួកកម្មករឆ្លើយថា ពួកគេមិនដឹងអីទេ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែស្រាវជ្រាវ រកអ្នកទទួលខុសត្រូវលើបទល្មើសនេះ៕