(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារយែនឌ័រ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ដើម្បីសម្គាល់នូវអត្តសញ្ញាណនៃប្រជាជាតិមួយបានគឺគេសម្គាល់លើសម្លៀកបំពាក់ ភាសា និងអត្តចរិត។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងពិធីបុណ្យ ពិធីមង្គលការ និង
សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមខ្មែរ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកស្រី នេត្រ ភូម៉ារី បានថ្លែងថា ដើម្បីសម្គាល់នូវអត្តសញ្ញាណនៃប្រជាជាតិមួយបានគឺគេសម្គាល់លើសម្លៀកបំពាក់ ភាសា និងអត្តចរិត ដូច្នេះ យើងជាប្រជាជននៅក្នុងប្រទេសមួយដែលមានវប្បធម៌ អារិយធម៌ ដ៏សម្បូរបែប ត្រូវប្រើប្រាស់សម្លៀកបំពាក់ឱ្យត្រូវកាលៈទេសៈ ឧទាហរណ៍៖ ពេលទៅចូលរួមក្នុងពិធីបុណ្យទាន ពិធីជប់លៀង អាពាហ៍ពិពាហ៍ រាត្រីសមោសរ ពេលទៅធ្វើការងារ ។ល។ ដើម្បីលើកតម្លៃដល់វប្បធម៌ និងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ ស្របតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ បានបញ្ជាក់ថា សូមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវបន្តបង្កើនកម្មវិធីអប់រំល្អៗឱ្យកាន់តែច្រើនថែមទៀតក្នុងន័យអប់រំសីលធម៌ សុជីវធម៌ រួមទាំងការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តី កាយវិការ ដើម្បីឆ្លុះបញ្ជាំងអំពីអត្តសញ្ញាណជាតិមួយ ដែលមានអារ្យធម៌ខ្ពង់ខ្ពស់។
ក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឯកភាពគ្នាលើកយកប្រធានបទស្តីពី «សម្លៀកបំពាក់ប្រពៃណីនៅក្នុងពិធីបុណ្យ ពិធីមង្គលការ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមខ្មែរ» ក្នុងគោលបំណង៖
*បណ្តុះសេចក្តីស្រឡាញ់ក្នុងការចូលរួមចំណែកថែរក្សា ការយល់ដឹងពីគុណតម្លៃនៃទំនៀមទម្លាប់ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក
*បញ្ជ្រាបចំណេះដឹងផ្នែកសិល្បៈវប្បធម៌ទាំងរូបិយ អរូបិយ ចូលទៅក្នុងគ្រឹះស្ថានសិក្សា និងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីឱ្យសិស្ស និស្សិត បានស្គាល់ និងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន
*បញ្ជ្រាបចំណេះដឹងអំពីការស្លៀកពាក់នៅក្នុងកម្មវិធីប្រពៃណី នៅក្នុងពិធីបុណ្យ មង្គលការ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមខ្មែរ។
លោកស្រី នេត្រ ភូម៉ារី បានបន្តថា វប្បធម៌គឺខ្លួនយើង និងជាអ្វីដែលយើងកំណត់អត្តសញ្ញាណរបស់យើងម្នាក់ៗ។ វប្បធម៌សំដៅលើចំណេះដឹង ជំនឿ ប្រពៃណី ទំនៀមទម្លាប់ របៀបរបបរស់នៅដែលបន្សល់ទុកពីសិល្បៈ និងអក្សរសិល្ប៍ ក្នុងនោះក៏មានប្រពៃណីនៃការស្លៀកពាក់ក្នុងពិធីនានា រួមទាំងការប្រាស្រ័យទាក់ទងគ្នាផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ដើម្បីឆ្លើយតបនឹងគោលបំណង និងអនុសាសន៍ដ៏មានសារៈសំខាន់ខាងលើ ក្នុងនាម ក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រី នេត្រ ភូម៉ារី បានអំពាវនាវដល់យើងទាំងអស់គ្នា ដែលជាពលរដ្ឋកម្ពុជា ដោយឡែក ផលិតករ សិល្បករ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់មេត្តាចូលរួមថែរក្សាវប្បធម៌ប្រពៃណីនៃការស្លៀកពាក់ឱ្យបានសមរម្យ ឱ្យស្របតាមកាលៈទេសៈ រួមទាំងសុជីវធម៌នៃការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដើម្បីឱ្យសមជាប្រជាជននៃប្រទេសដែលមានវប្បធម៌ សីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ៕