(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីប្រធានសភាពាណិជ្ជអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំ បានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សារួមមាន៖
* ការកំណត់មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥
* ការជ្រើសរើសប្រធានបទពិភាក្សា
* ការអញ្ជើញឥស្សរជនជាន់ខ្ពស់
* ការអញ្ជើញវាគ្មិន
* ការត្រៀមលក្ខណៈភស្តុភារ
* ផែនការថវិកាទ្រទ្រង់
* ការរៀបចំជំនួបពាណិជ្ជកម្ម
* ផ្សេងៗ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៥ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និង សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ ជំរុញការតភ្ជាប់អាស៊ាន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ចនេះ នៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥៕