(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចោទជាសំណួរថា តើដល់ពេលឬនៅ ដែលត្រូវដាក់ក្រុមប្រឆាំងទៅក្នុងបញ្ជីក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះបានបង្កបញ្ហាម្តងហើយម្តងទៀត រុញឱ្យប្រជាជនមិនទទួលបានសេចក្តីសុខណាមួយ តាមរយៈការបង្កើតចលនាប្រឆាំង។
សម្តេចតេជោ ហ៊ុន សែនលើកជាសំណួរបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំច្បាប់ដាក់ក្រុមនេះទៅជាក្រុមភេវរកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថាតើដល់ពេលហើយឬនៅ ព្រោះនេះវាមានចំណុចជាការញុះញង់អុចអាល ដែលវាអាចដល់ជាការផ្ទុះអាវុធ រវាងកម្ពុជា និងថៃតែម្តង។ នេះមិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជានោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ។»
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺខណៈដែល ភាគីរដ្ឋាភិបាលកម្ពុជា-ថៃ នៅបន្តចរចាទ្វេភាគី អំពីបញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ ដោយមិនទាន់ឯកភាពគ្នានៅឡើយផង ប៉ុន្តែបែរជាក្រុមប្រឆាំងជ្រុលនិយម មានបំណងធ្វើសកម្មភាពញុះញង់ តាមរយៈការជំរុញឱ្យមានបាតុកម្មទូទាំងប្រទេស និងចង់ប្តឹងទៅតុលាការអន្តរជាតិ ដែលទង្វើរនេះនឹងអាចឈានដល់ការផ្ទុះអាវុធទៅរវាងកម្ពុជាថៃ ដែលនាំឱ្យប្រជាជនគ្មានសេចក្តីសុខ។
សម្តេចមានប្រសាសន៍ថា ស្លាកស្នាមសង្រ្គាមនៅព្រះវិហាររវាងកម្ពុជា និងថៃមិនទាន់បានបញ្ចប់នោះទេ ដែលនៅតែបង្កនូវការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ទៅលើការបាត់បង់សមាជិកគ្រួសារ និងការបង្កររបួសស្នាម ដែល អ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមកម្ពុជាដែលកំពុងជ្រកកោននៅក្រៅប្រទេស គួរពិចារណា ព្រោះការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាង មិនមែនជាបញ្ហាធម្មតានោះទេ៕