(ត្បូងឃ្មុំ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការ សម្រាប់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក លី ឡេង បានថ្លែងអំណរគុណចំពោះថ្នាក់ ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើង ស្របពេលដែលវិស័យការងារ និងការវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ និងស្នើឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបំពេញ បេសកកម្មការងារតាមតួនាទី មុខងារ ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោក ពេជ សោភ័ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការដាក់ចេញ នូវគោលនយោបាយស្តីពី មុខរបរ និងការងារ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការអនុវត្តខិតខំជំរុញស្វែងរកការងារ ឲ្យប្រជាពលរដ្ឋ កម្មករមានការងារធ្វើ និងមានទ្រព្យសម្បត្តិ ពិសេសបានខិតខំសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនក្នុងការពិភាក្សាក្នុង ការដំឡើងប្រាក់ឈ្នួលអប្បបរមា មានកម្រិតខ្ពស់ជូនកម្មករ និយោជក។
លោក ពេជ សោភ័ន បានបន្តថា «ទោះបីជាក្នុងដំណាក់កាលដ៏លំបាក ដែលយើងប្រឈមទៅនឹងហានិភ័យយ៉ាងណាក្តី ក៏ជំហាននៃការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាន់តែមានកម្រិតឈានឡើងជាលំដាប់ឥតឈប់ឈរ ស្របតាមចក្ខុវិស័យ និងសូចនាករ ក្នុងបរិបទគោល នយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខ្សែសង្វាក់ផលិតកម្ម សហគ្រាស កាន់តែមានផលិតភាព ក្នុងសមត្ថភាព ទទួលខុសត្រូវខ្ពស់ លើការងារការបង្កើតមុខរបរ និងឱកាសការងារ ផ្នែកបច្ចេកទេស ទៅជាសេវាឆ្លើយតប បំពេញតាមគោលបំណង សេវាតម្រូវការបានទាន់ពេលវេលា យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពគួរជាទីមោទនៈ»។
លោករដ្ឋលេខាធិការ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាទាំងអស់ ក្នុងដែនដីសមត្ថកិច្ចគ្រប់គ្រង់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ជំរុញលើកទឹកចិត្ត ដល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ក្នុងការបំពេញបេសកកម្មការងារ តាមតួនាទីមុខងារ ភារកិច្ចរបស់ មន្ត្រីពាក់ព័ន្ធ ឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ពេជ សោភ័ន បានបន្ថែមថា «ក្នុងការទប់ស្កាត់ និងមាននីតិវិធី សម្រាប់ដោះស្រាយសមស្របតាមនីតិប្បញ្ញត្តិ បទដ្ឋានគតិយុត្តនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធររដ្ឋបាលក្រុង សង្កាត់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអនុវត្ត និងយកចិត្តទុកដាក់ការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ»៕