(អានហ៊ួយ)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារជាមួយ លោស្រី Xu Jinping អនុប្រធានមន្ទីរអប់រំខេត្តអានហ៊ួយ។
ក្នុងជំនួបពិភាក្សា លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសិក្សារបស់ និស្សិត អ.ម.ត ដែលកំពុងសិក្សានៅក្នុងខេត្តអានហ៊ួយ ជាមួយគ្នានោះ លោកស្រីក៏បានលើកឡើង អំពីការប្តេជ្ញាចិត្ត ក្នុងការជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ឱ្យទទួលបានជោគជ័យ ដើម្បីក្លាយជាធនធានមនុស្ស រួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោកស្រី បន្តទៀតថា តាមរយៈ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងមាននិស្សិត អ.ម.ត មកសិក្សានៅខេត្តអានហ៊ួយ កាន់តែច្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ ក៏បាននាំយកនូវលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ជូនដល់មន្ទីរអប់រំ ដែលបានចូលរួមចំណែកផ្តល់អាហារូបករណ៍ ជូនគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត កន្លងមក។
គូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ មាននិស្សិត អ.ម.ត ចំនួន ៦០នាក់ កំពុងបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យ នៃខេត្តអានហ៊ួយ៕