(ភ្នំពេញ)៖ ធនាគារឯកទេសវីង (Wing) បានសហការជាក្រុមហ៊ុនTranglo ដែលជាក្រុមហ៊ុនផ្តល់ សេវាផ្ទេរប្រាក់អន្តរជាតិមួយ ក្នុងការផ្ដល់សេវាផ្ទេរប្រាក់ ពីក្រៅប្រទេសមកកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាជនក្នុងប្រទេសកម្ពុជា ក្នុងការទទួលប្រាក់ពី ក្រៅប្រទេស ដោយផ្ទាល់តាមរយៈគណនី Wing។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសារ របស់ពួកគេដោយផ្ទាល់ តាមរយៈគណនី Wing ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង បានឲ្យដឹងថា «ក្នុងការចាប់ដៃគូដ៏សំខាន់នេះ មិនត្រឹមតែបំពេញនូវតម្រូវការ ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស ដើម្បីធ្វើការផ្ទេរប្រាក់ បានកាន់តែងាយស្រួល រហ័សនិងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទំាងចង់ជួយរក្សាទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយក្រុមគ្រួសារ របស់ពួកគាត់តាមរយៈវីងផងដែរ»។
លោកបានបន្ដទៀតថា «យើងនឹងបន្តពង្រីកបណ្តាញ ផ្តល់សេវាកម្មផ្ទេរប្រាក់ពីក្រៅប្រទេស ឲ្យកាន់តែច្រើនដើម្បីផ្តល់សេវា ប្រកបដោយទំនុកចិត្ត សម្រាប់ពលករកម្ពុជា ដែលកំពុងបម្រើការងារ នៅក្រៅប្រទេស ហើយត្រូវការផ្ទេរប្រាក់មកកម្ពុជា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង»។
លោក ហ៊ី សៀ អគ្គនាយកក្រុមហ៊ុន Tranglo បានឲ្យដឹងថា «តាមរយៈកិច្ចសហការរវាងវីង និង Tranglo គឺជាជំហានជោគជ័យមួយទៀត ក្នុងការផ្តល់ជូនសេវាកម្មផ្ទេរប្រាក់ កាន់តែទូលំទូលាយ និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ហើយយើងចង់ផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាដែលកំពុងបម្រើការងារ នៅតាមបណ្តាប្រទេសនានា»។
ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកផ្ញើត្រូវធ្វើការផ្ទេរប្រាក់ តាមរយៈដៃគូរបស់ក្រុមហ៊ុន Tranglo នៅតាមប្រទេសដែលមានវត្តមានសាខា របស់ក្រុមហ៊ុនហើយអ្នកទទួលប្រាក់ នៅក្នុងប្រទេសកម្ពុជា អាចទទួលបានទឹកប្រាក់ដោយផ្ទាល់ ក្នុងគណនីវីងរបស់ពួកគេ ឬក៏ទៅដកប្រាក់នៅតាមភ្នាក់ងារវីង ណាមួយក៏បានក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ធនាគារឯកទេសវីង បើកដំណើរការជាផ្លូវការ ក្នុងឆ្នំាតាំងពី២០០៩ហើយ បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់កាន់តែមានភាពងាយស្រួល រហ័សនិងមានសុវត្ថិភាព សម្រាប់បម្រើតម្រូវការរបស់ប្រជាជនកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រwww.wingmoney.comឬក៏ទំនាក់ទំនងមកកាន់លេខ 023 999 989៕