(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សម្តេចក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទិជាមួយ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចតេជោនេះ ក៏មិនខុសពីលោក ត្រឹន ថាញ់មិនដែរ ដែលចង់ឱ្យសភានៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកជាលំដាប់ ដើម្បីជាផលប្រយោជន៍រួមទាំងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។

នៅក្នុងសារលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ដែលផ្ញើមកកាន់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ត្រឹន ថាញ់មិន បានលើកឡើងថា ក្នុងរយៈពេលជាង៧ទសវត្ស៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន ដោយបានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានស្ថិរភាព ការអភិវឌ្ឍ ជឿនលឿន ព្រមទាំង មានតួនាទីកាន់តែខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ប្រធានរដ្ឋសភាវៀតណាម បានក៏សម្តែងការជឿជាក់ថា ប្រជាជនកម្ពុជា នឹងកាន់តែគោរពស្រឡាញ់ចំពោះការចូលរួមវិភាគទាន និងចក្ខុវិស័យរបស់ សម្តេចតេជោក្នុងការដឹកនាំប្រទេស និងប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ និងកសាងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានវិបុលភាពនាពេលបច្ចុបប្បន្ន។

ជាមួយគ្នានេះ លោក ត្រឹន ថាញ់មិន ក៏បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនង«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង» ក៏ដូចជា ទំនាក់ទំនងជិតស្និទ្ធជាមួយព្រឹទ្ធសភាកម្ពុជាក្នុងរយៈពេលកន្លងមក។ លោក ត្រឹង ថាញ់មិន ថែមទាំងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងនេះ នឹងត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង២។

ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំងដែលកម្ពុជា និងវៀតណាម មានការអភិវឌ្ឍប្រកបដោយផ្លែផ្កានៃទំនាក់ទំនង មិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និទ្ធ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនប្រទេសទាំង២។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ត្រឹន ថាញ់មិន និងរដ្ឋសភាវៀតណាម ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី និងដើម្បីលើកកម្ពស់ទំនាក់ទំនងដែលមានស្រាប់នៃភាគីទាំង២ ក្រោមគោលការណ៍នៃ«ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

មិនត្រឹមតែមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងព្រឹទ្ធសភាកម្ពុជានោះទេ រដ្ឋសភានៃប្រទេសវៀតណាម ក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋសភានៃប្រទេសកម្ពុជាផងដែរ។ កាលពីឆ្នាំ២០១៧ កន្លងទៅ ដោយសារតែទំនាក់ទំនងល្អ និងស៊ីជម្រៅនេះ វៀតណាមបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២៥លានដុល្លារសម្រាប់សាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា។ កាលណោះ រដ្ឋសភាកម្ពុជា គឺក្រោមការដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

ចូលមកដល់អាណត្តិថ្មីនេះ គេសង្កេតឃើញថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏នៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិយ៉ាងល្អ និងយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋសភានៃប្រទេសវៀតណាម។ កាលពីខែវិច្ឆិកាឆ្នាំមុន ក្រោយពីទទួលតំណែងជាប្រធានរដ្ឋសភាកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម។ រដ្ឋសភាវៀតណាមពេលនោះ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាថា បានបង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលដ៏ជ្រាលជ្រៅ និងការជឿជាក់គ្នារវាងប្រទេសទំាង២។ មិនតែប៉ុណ្ណោះ ក៏បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ចំណែក សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជាវិញ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម មានលក្ខណៈពិសេស ដោយឈរលើមូលដ្ឋាននៃការគោរព ទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក មិនត្រឹមតែរក្សាបាននូវមិត្តភាពជាអ្នកជិតខាងល្អ មានលក្ខណៈជាប្រពៃណីយូរអង្វែង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាអមតៈ និងបាននាំមកនូវផលប្រយោជន៍ សន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទំាងបានចូលរួមចំណែកដល់ការកសាងសុខសន្តិភាព ស្ថិរភាព ដល់ពិភពលោកថែមទៀត ជាពិសេសការជឿទុកចិត្តគ្នា ការគោរពគ្នា យោគយល់គ្នា និងការគិតគូរពីប្រយោជន៍គ្នាទៅវិញទៅមក។

ជាការកត់សម្គាល់ លំហូរនៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងល្អប្រសើរលើកម្រិតទ្វេភាគី និងពហុភាគី ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែសំខាន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានឲ្យដឹងថា ចាប់តាំងពីការចុះហត្ថលេខាលើកដំបូង នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំង២ក្នុងឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះត្រូវបានធ្វើវិសោធនកម្ម បំពេញបន្ថែម និងចុះហត្ថលេខាថ្មីក្នុងឆ្នាំ២០២២ ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃទំនាក់ទំនងរវាងសភាទាំងពីរ។

ផ្អែកលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរវិធានការជាក់លាក់ជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃរដ្ឋសភាទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាជិកសភានៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញក្នុងវិស័យច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។ បន្ថែមលើនេះ រួមគ្នាលើកកម្ពស់គោលនយោបាយច្បាប់ ដើម្បីគាំទ្រដល់អាជីវកម្ម ជនបរទេស និងកម្មករនៃប្រទេសទាំង២ដែលកំពុងរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ និងពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យរួមនៃសភានៃប្រទេសទាំងពីរលើប្រធានបទនៃការព្រួយបារម្ភទៅវិញទៅមក។

ក្រៅពីនេះ ភាគីទាំង២ កម្ពុជា-វៀតណាម លើកកម្ពស់តួនាទីនីតិបញ្ញត្តិ និងយន្តការដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងចាប់យកមតិរបស់ប្រជាជន និងធុរកិច្ច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមានលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំង២ ក៏ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងពិភពលោក ដូចជា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងវេទិកាសភាប៉ាស៊ីហ្វិក (APPF) ជាដើម។ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំង២ បានបង្កើនការផ្លាស់ប្តូរ និងពិគ្រោះយោបល់ សម្របសម្រួលគោលជំហរលើបញ្ហាសេដ្ឋកិច្ច និងកង្វល់ថ្នាក់ជាតិ។

ដោយឡែក កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម បានជួបជជែកពិភាក្សាគ្នាជាថ្មីនៅក្នុងប្រទេសឡាវ។ ជំនួបពិភាក្សានេះ គឺនៅក្នុងពេលទទួលទានអាហារពេលព្រឹកជាមួយគ្នា ជាជំនួបពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាពរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាមួយលោកសាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និងលោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនប្រទេសទាំង៣ និងក្នុងតំបន់។

ក្នុងនោះដែរ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង៣ បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។ កិច្ចសហប្រតិបត្តិការប្រទេសទំាង៣ មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ឡាវ និងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ៕