(ប៉ៃលិន)៖ នៅសាលប្រជុំធំ សាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ប្រតិភូខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខាងភាគីកម្ពុជា ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ខាងភាគីថៃ ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូរព្រំដែនរវាងខេត្តទាំងពីរ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងថា ដើម្បីពង្រឹងសមត្ថភាព ដឹកជញ្ជូនទំនិញចេញ-ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ ដែលសមិទ្ធផលថ្មីនេះ គឺកើតចេញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសភូមិផងទាំងពីរ។

ជាការឆ្លើយតប ក្រៅពីកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូរព្រំដែនរវាងខេត្តទាំងពីរ លោក មុនស៊ីត ផៃសានថាណាវ៉ាត់ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឱ្យបានកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ អភិបាលខេត្តចាន់បុរី ក៏បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដោយលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត កន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ហើយបន្ទាប់ពីកសាងស្ពានថ្មីឆ្លងព្រំដែនរួចរាល់ ការដឹកជញ្ជូនទំនិញចេញ–ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរកាន់តែល្អប្រសើឡើង ដែលបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ ដោយស្មើភាព និងស្មោះត្រង់។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកាត នេះ គឺមានបណ្តោយ ៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ដោយភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឱ្យស្ពានស្ពានបេឡេត៍ ចាស់ទ្រុតទ្រោម ដែលកំពុងមានបច្ចុប្បន្ន៕