(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Andrew Brown ប្រធានក្រុមហ៊ុន Delphos និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការរបស់ក្រសួង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូតំណាងក្រុមហ៊ុន Delphos និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ក្រុមហ៊ុនក្នុងការកៀរគរទុនវិនិយោគសម្រាប់គម្រោងនានានៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បានជម្រាបតំណាងក្រុមហ៊ុនថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ កំណត់នូវអាទិភាពការងារ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់អនុវត្ត ជាពិសេសការកសាងអាងទឹកធំៗដូចជា៖ អាងទឹករក្សា, អាងទឹកដូនទ្រី, អាងទឹកកាំបិត និងគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយក្រុមហ៊ុនក្នុងការកសាងប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដែលមានភាពធន់នឹងអាកាសធាតុ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីធានានូវសន្តិសុខទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក និងឧតុនិយម កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល និងមាននិរន្តរភាពនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដូចជា៖ ខេត្តកំពង់ធំ, សៀមរាប, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យជាដើម ក៏ដូចជាជួយកាត់បន្ថយគ្រោះធម្មជាតិដែលរួមមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Delphos ជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុដ៏ធំមួយមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកដែលមានប្រតិបត្តិការរយៈពេល៣៧ឆ្នាំ មកហើយ និងមានបណ្តាញសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើននៅលើពិភពលោកដូចជា ADB, US DFC, FinDev Canada, Austria Development Bank ជាដើម ដោយបានប្រឹក្សា និងកៀរគរថវិកាសម្រាប់គម្រោងនានាបានប្រមាណ ២០ប៊ីលានដុល្លារអាម៉េរិក។ នៅកម្ពុជា ក្រុមហ៊ុន Delphos កំពុងធ្វើការលើកគម្រោងជាច្រើនជាមួយក្រុមហ៊ុននានាដូចជា OCIC និង RMA ជាដើម៕