(កណ្តាល)៖ សកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀន នាពេលបច្ចុប្បន្ននេះ បាននិងកំពុងរីករាលដាលកាន់តែខ្លាំង ដោយភាគច្រើនជនល្មើសបាននាំយកពីភ្នំពេញ ទៅបន្តលក់ដល់មូលដ្ឋាន តាមបណ្តាខេត្ត។ ជាក់ស្តែងសម្រាប់ទឹកដីស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនវៀតណាម បើទោះកម្លាំងនគរបាលនៅទីនោះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែជនល្មើសខ្លះ នៅបន្តឆ្លៀតឱកាស ប្រព្រឹត្តសកម្មភាពមួយនេះ ដោយពួកគេបាននាំថ្នាំញៀនពីភ្នំពេញ។
សម្រាប់ករណីបង្ក្រាបគ្រឿងញៀនមួយទៀត បន្ទាប់ពីទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានពី សកម្មភាពចែកចាយគ្រឿងញៀនរួចមក នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកកោះធំ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបរហូតចាប់មេក្លោងខាងចែកចាយ និងលក់គ្រឿងញៀនចំនួន២នាក់ មានម្នាក់ជាជនជាតិវៀតណាម ខណៈម្នាក់ទៀតជាជនជាតិ វៀតណាមកំពុងរត់គេចខ្លួន ព្រមទាំងដកហូតថ្នាំចំនួន២៧កញ្ចប់ ស្ថិតនៅចំណុចភូមិកំពង់ថ្កុល ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ដែលដឹកនាំប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ១/-ឈ្មោះ ងន ភារម្យ (ហៅ ហេវ) អាយុ២៣ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ដែលជនសង្ស័យរូបនេះគឺជាមុខសញ្ញាទើបចេញពីពន្ធនាគារបានចំនួន៦ខែ ពីបទចែកចាយគ្រឿងញៀនដ៏សកម្មផងដែរ ។ ២/-ឈ្មោះ វ៉ យ៉ាំត្រាវ អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិលេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្តអាងយ៉ាង (ប្រទេសវៀតណាម) មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង៣/-ឈ្មោះ ង្វៀង យ៉ាំងគ្រឿង អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម ស្នាក់នៅផ្ទះជួល ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន)។
អធិការនគរបាលស្រុកកោះធំ កំពុងមានប្រជាប្រិយភាពលើការបង្ក្រាបបទល្មើសរូបនេះ បានបញ្ជាក់ថា «ក្រោយទទួលព័ត៌មាន ពីប្រជាជនល្អថាជនសង្ស័យទី១ កំពុងលក់គ្រឿងញៀន និងតាមការចុះស្រាវជ្រាវអស់រយៈពេលប្រមាណ ៥ថ្ងៃ រហូតដល់ថ្ងៃ និងវេលាកើតហេតុខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ២៣ឆ្នាំ រួមនិងថ្នាំញៀនមួយចំនួន២កញ្ចប់ នូវជាប់បឹងខ្លួនជនសង្ស័យ»។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងន ភារម្យ ចំពោះថ្នាំញៀននេះ គឺពិតជារបស់ខ្លួនទិញយកមកទុកលក់ប្រាកដមែន ហើយរូបខ្លួនទិញមកអោយឈ្មោះ ង្វៀង យ៉ាំងគ្រឿង ដែលស្នាក់នៅផ្ទះជួល ក្នុងភូមិជាមួយខ្លួន យកទៅលក់បន្តរាល់ថ្ងៃយ៉ាងសកម្មផងដែរ។
បើតាមលោក ឈឿន ប៊ុនឆន ថ្នាំញៀនខាងលើឈ្មោះ ហេវ បានសារភាពថា ទិញពីភ្នំពេញម្តុំច្បារអំពៅ តែមិនស្គាល់ឈ្មោះអ្នកលក់ទេ ដឹងត្រឹមថាយកលុយវេរអោយគេ គេក៏អោយយកនៅទីកន្លែងណាត់។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យរូបនេះ នៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃដដែល ក្រោយពេលទទួលបានបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោស្នងការ អ៊ាវ ចំរើន និងក្រោមការសម្របសម្រួលពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោកបានដឹកនាំកម្លាំងជំនាញ ចុះទៅឆេរផ្ទះជួលដែលឈ្មោះ ង្វៀង យ៉ាំងគ្រឿង ស្នាក់នៅ ទើបសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម នៅក្នុងបន្ទប់ជួល និងឆែកឆេររកឃើញថ្នាំញៀនចំនួន ២៥កញ្ចប់តូច នៅក្នុងបន្ទប់ ចំណែកជនសង្ស័យ ង្វៀង យ៉ាំងគ្រឿង បានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន ២៧កញ្ចប់ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕