(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានផ្ញើសារលិខិតចូលរួមអបអរសាទអំណរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានអង្គរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឯកឧត្តម ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាថ្មីម្ដងទៀត នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ឯកឧត្តម ពិតជាស័ក្តិសមទទួលបាននូវទំនុកចិត្ត និងតំណែងដ៏មានសារៈសំខាន់នេះ ដែលកន្លងមក ឯកឧត្តម បានបំពេញបេសកកម្មប្រកបដោយស្វាមីភក្តិចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារកិត្តិយសជាតិ និងលើកតម្កើងកិត្យានុភាព និងវិបុលភាពជាតិ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមនសិការវិជ្ជាជីវៈខ្ពស់នៅលើវេទិការការទូតនានា ទាំងក្នុងតំបន់ និងលើពិភពលោក។ ខ្ញុំមានជំនឿដោយគ្មានមន្ទិលថា ឯកឧត្តម នឹងបន្តខិតខំធានានូវនិរន្តរភាពក្នុងការអនុវត្តនយោបាយការបរទេសការពារផលប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការប្រែប្រួលយ៉ាងឆាប់រហ័សនិងមិនអាចប៉ាន់ស្មានបាននៃស្ថានការណ៍យុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំអស់គ្នា សូមជូនពរជ័យ សិរីសួស្ដី មហាប្រសើរវិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកប តែនឹងពុទ្ធពរនិងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕