(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើងឈ្មោះក្រុមដើមពោធិ៍ DP ចំនួន១០នាក់ ពាក់ព័ន្ធករណីព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ និងរបួស នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង១០នាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន០២ដើមកាប់ជនរងគ្រោះឲ្យរងរបួស) ចំនួន៣ករណី។
ក្នុងនោះរួមមាន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ជនរងគ្រោះស្លាប់), ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (រងរបួសធ្ងន់) និងប្រព្រឹត្តនៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ (រងរបួសធ្ងន់)។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនល្មើសទាំង១០នាក់នេះ រួមមាន ឈ្មោះ ឈាង លីហួ, ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាតតាវហ្វិច, ឈ្មោះ ថា វ៉ាន់ធី, ឈ្មោះ ហុក វណ្ណា, ឈ្មោះ ប៉ូ គឹមហុង, ឈ្មោះ ខេង សាវីត, ឈ្មោះ ម៉ែន សិទ្ធិញ្ញាណ, ឈ្មោះ ថន ភិរះឆៃ, ឈ្មោះ សៅ ជាបម៉េង និងឈ្មោះ អ៊ឹង សេងហុង។ វត្ថុតាងចាប់យក កាបិតប៉័ងតោចំនួន១ដើម និងម៉ូតូចំនួន៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី៕