(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្តីបន្ទោសដល់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអវត្តមាន​សម្រាប់​កិច្ចប្រជុំដ៏សំខាន់ ពាក់ព័ន្ធនឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយការកេងប្រវ័ញ្ញធនធានធម្មជាតិ កាលពីព្រឹកម្សិលមិញ។ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា ការអវត្តមានរបស់ លោក វេង សាខុន អំឡុងកិច្ចប្រជុំនោះ គឺជាការមិនទទួលខុសត្រូវ និងមិនមានមូលហេតុសមស្រប ហើយជាការបោះបង់ចោលតួនាទីស្នូលរបស់គាត់ ក្នុងការប្រជុំពាក់ព័ន្ធនឹងការងារខ្លួន។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ក្រសួងតួអង្គមាន២ គឺក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ប៉ុន្តែក្រសួងបរិស្ថានរដ្ឋមន្រ្តីគាត់មកចូលរួម តែក្រសួងកសិកម្មរដ្ឋមន្រ្តីអត់មកចូលរួម។ មានមូលហេតុដូចដែល ឯកឧត្តម ហាស់ សារ៉េត (រដ្ឋលេខាធិការតំណាងលោក វេង សាខុន) បានលើកឡើង ប៉ុន្តែខ្ញុំគិតថា មូលហេតុហ្នឹងវាមិនស្រប វាមិនសមហេតុផល មូលហេតុនោះវាមិនដល់កម្រិត បើជារឿងនាយករដ្ឋមន្រ្តីកោះហៅទៅប្រជុំជារឿងមួយផ្សេង ប៉ុន្តែនេះទទួលភ្ញៀវ ហើយការទទួលភ្ញៀវនេះមិនមែនថ្នាក់រដ្ឋមន្រ្តីស្មើទៀត ជាថ្នាក់ក្រោមទៀត។ យើងត្រូវផ្តល់អាទិភាពការងារណាដែលសំខាន់ ការងារណាវាបន្ទាប់ ដើម្បីយើងផ្តល់ឱកាស បើមិនអញ្ចឹងយើងរវល់ទៅនេះទៅនោះបន្តិចបន្តួច យើងបោះបង់ចោលការងារស្នូលរបស់យើង អាហ្នឹងខ្ញុំគិតថាវាមិនត្រូវ»។

Fresh News មិនអាចទាក់ទងទៅ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឆ្លើយតបនឹងរឿងនេះបាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ។ ប៉ុន្តែបើតាមការបង្ហើបពីមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ការអវត្តមានរបស់ លោករដ្ឋមន្រ្តីក្រសួងកសិកម្មពេលនោះ ដោយសារតែលោកត្រូវជួបប្រជុំជាមួយ តំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ទោះជាងយ៉ាងណា មន្រ្តីដដែលនោះ បានអះអាងថា កាលពីម្សិលមិញ លោក វេង សាខុន ក៏បានចាត់តាំងឱ្យលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាតំណាងរបស់លោក ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹង សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយការកេងប្រវ័ញ្ញធនធានធម្មជាតិផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំពាក់ព័ន្ធនឹង សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកាត់បន្ថយការកេងប្រវ័ញ្ញធនធានធម្មជាតិ ត្រូវបានធ្វើឡើងនៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ដោយមានការចូលរួមពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម អគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត កងរាជអាវុធហត្ថរាជធានី-ខេត្ត ក៏ដូចជាស្ថាប័នមួយចំនួនទៀតជាដើម៕