(ឧត្តរមានជ័យ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានណែនាំលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តឧត្តរមានជ័យ ត្រូវរួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ចំពោះយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្ត។

ការថ្លែងណែនាំរបស់លោក សេង ឈួន បែបនេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស របស់លេខាធិការដ្ឋាន ត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ហួន វ៉ាន់និត អភិបាលរងខេត្តតំណាងលោក មាន ចាន់យ៉ាដា អភិបាល ខេត្តឧត្តរមានជ័យ លោក ឈឿន ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ជាច្រើនរូបទៀត។

លោក សេង ឈួន បានលើកឡើងថា រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ មិនថាជារថយន្តបែបណា ឫរថយន្តមានបិទឡូហ្គោនោះទេ បើសិនជាកែច្នៃខុសល្ខណៈបច្ចេកទេ យើងត្រូវបង្ក្រាបទាំងអស់ដោយកុំយោគយល់។ លោកថា «បើយើងជាអ្នក អនុវត្តន៍ច្បាប់មិនហ៊ានធ្វើ តើឱ្យអ្នកណាជាអ្នកធ្វើ? ហើយមកដល់ពេលនេះលោកចោទជាសំណួរថា តើមានសមត្ថកិច្ចណា ឬក៏មន្ត្រីជញ្ជីងណាមួយ ត្រូវបានរថយន្តដឹកជញ្ជូនបិទឡូហ្គោចាប់ខ្លួននោះទេ? ឱ្យតែយើងអនុវត្តទៅតាមច្បាប់ ក្នុងរង្វង់ការងាររបស់យើងគឺកុំខ្លាច។

លោក សេង ឈួន បានសរសើរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ក៏ដូចជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលកន្លងមកធ្វើកិច្ចការនេះបានល្អ ប្រកបដោយឆន្ទៈ មនសិការខ្ពស់ស្របតបការ ណែនាំរបស់ក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង៕