(វិទ្យាសាស្រ្ត)៖ យានអវកាស ExoMars Rover របស់ភ្នាក់ងារអវកាសអឺរ៉ុប (ESA) នឹងត្រូវចុះចត នៅលើផ្ទៃនៃ ភពព្រះអង្គារ នៅសប្តាហ៍ក្រោយ តាមវេលាដែលក្រុមអ្នកវិទ្យាសាស្រ្តបានគ្រោងទុក ដើម្បីបំពេញបេសកកម្មស្រាវជ្រាវនៅលើភពក្រហមនេះ ហើយវានឹងក្លាយជាយានរុករកទី០៤ ហើយ ដែលបំពេញបេសកកម្មលើភពក្រហម ដែលមានចម្ងាយរាប់រយលានគីឡូម៉ែត្រ ពីផែនដីយើង។
នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី ១១ ខែតុលា ឆ្នាំ ២០១៦។
យាន ExoMars Rover របស់ភ្នាក់ងារអវកាសអឺរ៉ុប (ESA) ត្រូវបានបង្ហោះឡើងទៅក្នុងលំហអាកាស កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៦ ដើម្បីធ្វើដំណើរឆ្ពោះទីកាន់ភពអង្គារ ដើម្បីបំពេញបេសកកម្ម ស្រាវជ្រាវ ហើយបច្ចុប្បន្នវាក៏បានបង្ហាញសញ្ញា មកកាន់ក្រុមអ្នកវិទ្យាសាស្រ្តឲ្យដឹងថា វានឹងត្រូវចុះចត នៅលើផ្ទៃភពអង្គារនៅសប្តាហ៍ក្រោយ ឆាប់ៗនេះ។
ជាក់ស្តែងយាន ExoMars Rover នឹងត្រូវចុះចតនៅតំបន់ Meridiani Planum នៃភពអង្គារ ដែលមានទីតាំង នៅជិតខ្សែអេក្ខាទ័រ ដោយវានឹងត្រូវឆ្លងកាត់ស្រទាប់បរិយាកាសរបស់ភពអង្គារ ក្នុងល្បឿនប្រហែល ២១,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ថែមទាំងត្រូវចំណាយពេលអស់ ៦នាទីឯណោះក្នុងការចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន និងចុះចតដោយសុវត្ថិភាព។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការចុះចតរួច យាន ExoMars Rover នឹងត្រូវបំពេញបេសកកម្មសិក្សាស្រាវជ្រាវ អំពីបរិយាកាសរបស់ភពអង្គារ ដោយត្រូវសិក្សាអំពីសម្ពាធខ្យល់ សីតុណ្ហភាពរបស់ភពជាដើម ដែល បេសកកម្មនេះ នឹងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ៕