(ស្វាយរៀង)៖ ក្រោយទទួលបានដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យរងរបួសរហូតដល់៥៤នាក់នោះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលរងខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមួយចំនួន ទៅចែកជូនបងប្អូនកម្មករ-កម្មការិនី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ឆ្លៀតឱកាសនោះលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យឲ្យយកចិត្តទុកដាក់លើការព្យាបាល បងប្អូនកម្មករ-កម្មការិនីដើម្បីឆាប់ជាសះស្បើយវិលទៅត្រឡប់ទៅធ្វើការវិញ។ សូមបញ្ជាក់ថា នាព្រឹកមិញនេះ មានរថយន្ដដឹកកម្មករមួយគ្រឿង បានក្រឡាប់បណ្ដាលឲ្យកម្មករ៥៤នាក់រងរបួស(ធ្ងន់៧នាក់) តាមបណ្ដោយផ្លូវជាតិលេខ១ ច្រកចូលផ្សារថូម៉ាស់ ក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព Fresh News ថា ករណីក្រឡាប់រថយន្តដឹកកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង កម្មករដែលរងរបួសកើនឡើងដល់ ៥៤នាក់ ក្នុងនោះមាន៧នាក់រងរបួសធ្ងន់ធ្ងរ និង៤៧នាក់រងរបួសស្រាលកំពុងជួយ សង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ករណីរថយន្តដឹកកម្មកររអិលធ្លាក់ផ្លូវក្រឡាប់ខាងលើនេះ ដោយសារការបើកលឿនត្រង់ផ្លូវបត់ របួសសរុប៥៤នាក់ (របួសធ្ងន់៧នាក់ ស្រាល៤៧នាក់)។ លោកបន្តថា ក្នុងចំណោមអ្នករបួសទាំងនោះ បានសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ (របួសធ្ងន់៧នាក់) និងសម្រាកនៅមន្ទីរពេទ្យ បង្អែកជីភូ ក្រុងបាវិត ៣១នាក់ (របួសស្រាល)៕