(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដោយធ្វើការកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ, ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាវេលាថ្ងៃត្រង់ទី១១ ខែតុលានេះ។
នៅក្នុងដីការបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា សូមអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ។
មន្រ្តីនគរបាលបាននិយាយប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១១ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមមន្រ្តីនគរបាលយុត្តិធម៌បានយកដីកានេះ ទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៅទីនោះគឺ លោក ហូ វ៉ាន់ បានពិនិត្យមើល ប៉ុន្តែមិនទទួលយក ហើយនិយាយថា ទុកឲ្យមេធាវីជាអ្នកទទួល។
មន្រ្តីតុលាការបានបញ្ជាក់ថា ការចេញដីកាកោះហៅ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងតាមរបាយការណ៍របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ៕