(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្ម រ៉ក់ មានចំណងជើងថា «នារីវេទមន្ត» ដែលបានចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលការគាំទ្រ និងមានអ្នកចូលទស្សនា ប្រមាណ២ម៉ឺននាក់ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។
តំណាងផលិតកម្ម រ៉ក់ បានថ្លែងបញ្ជាក់ឲ្យដឹងថា រឿង«នារីវេទមន្ត» ជាភាពយន្តខ្នាតអន្តរជាតិ មានអ្នកនិពន្ធ និងដឹកនាំសម្ដែង ជាជនបរទេស គឺលោក Jimmy Henderson ហើយបានដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបៗទាំងអស់ កាលពីថ្ងៃទី០៧ ខែតុលានេះ។ បន្ទាប់ពីដាក់បញ្ចាំង ឃើញថា មានការគាំទ្រយ៉ាងខ្លាំងក្លា ដែលអាចនិយាយបានថា មានការលក់សំបុត្រ អស់ប្រមាណ២ម៉ឺនសន្លឹក ដែលជាបរិមាណមួយ ស្ទើរមិនគួរឲ្យជឿ។
តំណាងផលិតកម្ម រ៉ក់ ដដែលបានបញ្ជាក់ថា «បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃសម្ពោធមក រឿង «នារីវេទមន្ត» យើងទទួលបានការលក់សំបុត្រ រហូតដល់ ២០០០០សំបុត្រ ត្រឹមតែ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៩ ខែតុលានេះ!»។
សូមបញ្ជាក់ថា ទោះបីជាមានការរិះគន់ខ្លះៗ ពាក់ព័ន្ធទៅនឹងសាច់រឿងទាំងមូលថា ហាក់បីដូចជា មើលមិនយល់ក្ដី ប៉ុន្តែគេសង្កេតឃើញថា ការលក់សំបុត្រ មានការកើនឡើងយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែទស្សនិកជនបង្ហាញអារម្មណ៍ ចង់ទៅទស្សនារឿងនេះ ព្រោះអ្នកខ្លះចង់ដឹងថា រឿងនេះនិយាយពីអ្វី? ហើយអ្នកខ្លះក៏ចង់មើល ថាតើមានឈុតឆាកទាក់ទាញ មែនដែរឬទេ?
យ៉ាងណាមិញ មានអ្នកទស្សនាជាច្រើន បានសរសេរ post លើ Status Facebook ជាច្រើនអំពីចំណាប់អារម្មណ៍ លើភាពយន្តមួយនេះ បន្ទាប់ពីបានទស្សនារួច ហើយខ្លះក៏បានបញ្ជាក់ថា ពិតជាមានឈុតអាក្រាតជាច្រើន នៅក្នុងផ្ទៃរឿងទាំងមូល ជាពិសេស គឺត្រង់ឈុតតួឯកស្រី នាង ឌុច លីដា ស្រាតតែម្ដង។
ទោះបីជាយ៉ាងណា បើទស្សនិកជន ចង់ដឹងច្បាស់ពីភាពយន្តមួយនេះ កុំភ្លេចទៅទស្សនារឿងនេះទាំងនេះគ្នា ដែលមានបញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប។
តោះទស្សនា រូបភាពក្រៅឆាកទាំងអស់គ្នា៖